ព្រះសីហនុ៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ បានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ មូលដ្ឋាននេះចូលរួមសម្តែងមតិ និងលើកឡើងពីបញ្ហាប្រឈម ព្រមទាំងសំណូមពរផ្សេងៗ។
វេទិការនេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ រួមជាមួយរដ្ឋបាលក្រុង-ស្រុក រដ្ឋបាលឃុំ-សង្កាត់ ប្រជាពលរដ្ឋ មន្ត្រីសង្គមស៊ីវិល និងវិស័យឯកជនជាដើម បានចូលរួមចែករំលែក នូវបទពិសោធន៍ និងផ្ដល់ប្រឹក្សា អំពីអទិភាពនៃការអភិវឌ្ឍនាមូលដ្ឋាន ខេត្តព្រះសីហនុ អោយមានសន្ទុះរីកចំរើន និងមានប្រសិទ្ធភាពថែមទៀតនាថ្ងៃអនាគត។
វេទិការពិគ្រោះយោបល់នេះ អ្នករៀបចំកម្មវិធី បានលើកយកប្រធានបទចំនួន ៥ ពិភាក្សា រួមមាន៖ ទី១ ការងារសន្តិសុខ (ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព)។ ទី២ការរៀបចំសណ្ដាប់ធ្នាប់ទប់ស្កាត់សំណង់ មិនរៀបរយ ឬសង់ខុសច្បាប់។ ទី៣ ការងាបរិស្ថាន អនាម័យ ឬការគ្រប់គ្រងសំណល់រឹងរាវ។ ទី៤ កិច្ចការអភិវឌ្ឍមូលដ្ឋាន និងទី៥ ការផ្ដល់សេវារដ្ឋបាលដល់ថ្នាក់ក្រោមជាតិ។
នាឱកាសនោះ លោក ជាម ហ៊ីម ប្រធាន ក្រុមប្រឹក្សា ខេត្តព្រះសីហនុ ដែលបានអញ្ជើញជាអធិបតីក្នុងវេទិការនេះ មានប្រសាសន៍ថា វេទការពិគ្រោះយោបល់ ដែលក្រុមប្រឹក្សារៀបចំនៅពេលនេះ គឺអនុវត្តទៅតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខ័ណ្ឌ ស្របតាមអនុក្រឹត្យលេខ ២១៦អ.ន.ក្រ បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្ដីពីតួនាទីភារកិច្ច និងទំនាក់ទំនង ការងាររបស់ក្រុមប្រឹក្សា គណៈអភិបាល-ក្រុមប្រឹក្សា គណៈអភិបាលក្រុង-ក្រុមប្រឹក្សា គណៈអភិបាលស្រុក របស់រាជរដ្ឋាភិបាលកម្ពុជា ដែលតម្រូវអោយក្រុមប្រឹក្សារៀបចំ អោយមានជាវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅតាមក្រុង និងស្រុកនានា ក្នុងខេត្តព្រះសីហនុ នៅក្នុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ ស្របតាមមាត្រា ៩ នៃអនុក្រឹត្យ២១៦។
លោក ជាម ហ៊ីម បន្តថា សម្រាប់ក្រុមប្រឹក្សាក្រុង-ស្រុក ក្នុងអំឡុងខែមិថុនា នៃឆ្នាំនីមួយៗត្រូវរៀបចំអោយមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅតាមឃុំ-សង្កាត់នានា ក្នុងក្រុង-ស្រុក របស់ខ្លួន អោយស្របតាមមាត្រ ៦៥ មាត្រា ១២១ នៃអនុក្រឹត្យ ២១៦ ដោយត្រូវអនុវត្តតាមស្មារតី នៃច្បាប់ និងអនុក្រឹត្យ ដែលបានកំណត់អោយបានត្រឹមត្រូវ។
អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សា ខេត្តព្រះសីហនុឆ្នាំ២០១៧ ដែលរៀបចំឡើងនៅវេទិការ ៧មករា នាក្នុងព្រះសីហនុ កាលពីព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា គេសង្កេតឃើញ អ្នកចូលរួមមាន មន្ត្រីតំណាងអោយអង្គការសង្គមស៊ីវិលចំនួន ៤រូប។ ប្រជាពលរដ្ឋចំនួន ៣៤នាក់។ មន្ត្រីរាជការ ៩៧នាក់ សរុបមានមនុស្សចូលរួម ១៣៧នាក់ ហើយក្នុងចំណោមនេះ ពួកគេបានសួរសំណួរ ផ្ទាល់មាត់ និងសំណូមពរមួយចំនួន ដាក់ជូន អាជ្ញាធរពាក់ព័ន្ធ ចាប់ពីថ្នាក់ ឃុំ-សង្កាត់ រហូតដល់ស្រុក-ខណ្ឌ និងថ្នាក់ដឹកនាំខេត្តជួយរកដំណោះស្រាយ។
ប្រជាពលរដ្ឋ ដែលបានចូលរួម ក្នុងវេទិកានោះ បានស្នើសុំរកអន្តរាគមន៍ដល់មន្ត្រីអជ្ញាធរគ្រប់លំដាប់ថ្នាក់ ជួយជម្រុញការផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានីមួយៗ អោយបានឆាប់។ ក្នុងនោះ ប្រជាពលរដ្ឋ ក៏បានសំណូមពរ ដល់អាជ្ញាពរពាក់ព័ន្ធ នៅតាមមូលដ្ឋានមួយចំនួន ពិសេសរដ្ឋបាលក្រុងព្រះសីហនុ អោយជួយជុសជុលផ្លូវមួយចំនួន ដែលខូចនាទីប្រជុំជនមួយនេះឡើងវិញ និងត្រូវជួសជុលដាក់លូបង្ហូរទឹកចូលអូរ ឬប្រឡាយអោយបានត្រឹមត្រូវ។ ពិសេសជាងនេះ រដ្ឋបាលក្រុង-ខេត្ត ព្រះសីហនុ ក៏ទទូចដល់អាជ្ញាជួយសំអាត ឬប្រមូលកាកសំណល់សំរាម ដែលកកស្ទះក្នុងមូលដ្ឋានក្នុងក្រុង តាមលំនៅដ្ឋានពួកគាត់កំពុងរស់នៅ ត្រូវគេចាក់គរចោល នៅតាមចិញ្ចើមផ្លូវសាធារណៈ ហើយជះក្លិនស្អុយដល់អ្នកធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃនេះ អោយបានឆាប់។
ចំពោះកង្វល់ និងសំណូមពរ របស់ប្រជាពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកា ត្រូវបាន លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ និង លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានទទួលយកសំណូមពរពលរដ្ឋ ដោយបាន អះអាងថា នឹងជម្រុញ ដល់ស្ថាប័នជំនាញពាក់ព័ន្ធ អោយចុះត្រួតពិនិត្យដល់ទីតាំង ដែលកើតមានបញ្ហាប្រឈម ដើម្បីឈានទៅជួយជម្រុញការដំណោះស្រាយ ជូនប្រជាពលរដ្ខ អោយបានឆាប់នាថ្ងៃខាងមុខ៕ ដោយ៖ ដែន សីមា