ភ្នំពេញ ៖នគរបាលជាតិ ក្រសួងមហាផ្ទៃ បាន បង្ហាញមុខជនសង្ស័យជនសង្ស័យម្នាក់ពីបទលួច តាមបច្ចេកវិទ្យាទូរគមនាគមន៍ ពាក់ព័ន្ធការ រំខានកិច្ចការសមត្ថកិច្ច និងលួចកៀបលេខវិទ្យុទាក់ទងដែលជាកត្តាធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ។
ក្នុងសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យ ព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លោកឧត្តមសេនីយ៍ឯក មិន សុវណ្ណា ប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានថ្លែងថា ជនសង្ស័យ ឈ្មោះ ហុត ផាននិត ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅផ្ទះលេខ៧G ផ្លូវ១៤K ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន ជ័យ ពីបទលួច តាមបច្ចេកវិទ្យាទូរគមនាគមន៍។ ជនសង្ស័យនេះ ត្រូវបានសមត្ថកិច្ចធ្វើការតាមដានអស់រយៈពេលពីរឆ្នាំមកហើយ។ លោកបញ្ជាក់ថា “ជនសង្ស័យនេះ បានលួចកៀបលេខវិទ្យុទាក់ និងលក់នូវវិទ្យុទាក់ទង ដែលគ្មានច្បាប់អនុញ្ញាតហើយ បានប្រើវិទ្យុទាក់ទងឬអាយកូមធ្វើសកម្មភាពរំខានសំឡេងផ្សេងៗ ដល់សមត្ថកិច្ចផងដែរ”។
ពាក់ព័ន្ទនឹងបទល្មើសនេះ ជនសង្ស័យ នឹងត្រូវជាប់ពន្ធនាគាររយៈពេល១ឆ្នាំទៅ៥ឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួន២លានទៅ១០លានរៀល ដោយយោងតាមមាត្រា៨៤ បានចែងថា “ជនណាដែលលួចប្រើប្រាស់នូវវិទ្យុទាក់ទង និងហ្វ្រេកង់គ្មានច្បាប់អនុញ្ញាត”៕ ដោយ៖កូឡាប