ទាគឺជាអម្បូរសត្វដែលពុំស្និទ្ធស្នាលនឹងមនុស្សទេ ប៉ុន្តែពេលឃើញរូបភាពទាមួយក្បាល ដើរតាមម្ចាស់របស់វាជាប់បេះពុំដាច់ ធ្វើឲ្យគេមានការភ្ញាក់ផ្អើល ពិសេសពេលដឹងរឿងរ៉ាវស្ថិតនៅពីក្រោយរឿងនេះ ។
គេដឹងថាវាជាទាឈ្មោល ពណ៌សស្គុះ មានទម្ងន់ប្រមាណ 3kg ត្រូវបានម្ចាស់របស់វាឈ្មោះ Son Van អាយុ ៤៩ឆ្នាំ នៅកម្ពុជាក្រោម ចិញ្ចឹមជាងកន្លះឆ្នាំមកហើយ ។
លោក Van ឲ្យដឹងថា ដំបូងឡើយទា១ក្បាលនេះ ជារបស់កូនប្រសារលោក ផ្ញើរទុក ព្រោះគេទៅធ្វើការនៅឆ្ងាយ ហើយពេលនោះវាមានទម្ងន់ប្រមាណកន្លះគីឡូក្រាមប៉ុណ្ណោះ ។
ដំបូងឡើយវាធម្មតាដូចសត្វទាដទៃៗទៀត រហូតទល់ថ្ងៃមួយប្រហែលជាដឹងថា វាត្រៀម “ចូលឆ្នាំ”ហើយ ។ លោកចែករំលែកប្រាប់ ៖ “ខ្ញុំបាននិយាយប្រាប់ប្រពន្ធថា ទានេះវាធំណាស់ហើយ តែបើធ្វើម្ហូបយើង២នាក់ ហូបមិនអស់ទេ ចាំដល់ចូលឆ្នាំ កូនៗនៅឆ្ងាយ វាត្រឡប់មកផ្ទះសឹមយើងធ្វើហូបទាំងអស់គ្នា ។ មិនយល់ដែរថា ទានេះវាចេះស្តាប់ឲ្យតែខ្ញុំចេញទៅណាមកណា សូម្បីតែដើរក្រៅផ្ទះគឺវាតាមជាប់រហូត… ។
សូម្បីតែពេលលោក Van ទៅផឹកកាហ្វេ ដើរលេងផ្ទះអ្នកជិតខាង… វាក៏ដើរតាមជានិច្ច ។
សង្កេតឃើញទង្វើចម្លែកនេះ លោកកើតក្តីអាណិត ហើយក៏ចាត់ទុកវាជាមិត្តសម្លាញ់ក្នុងផ្ទះ ដាច់ខាតមិនយកវាធ្វើអាហារទៀតឡើយ ៕ ចន្ទ្រា