ភ្នំពេញ៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) បានប្រកាសប្រាប់ដល់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា មិនទទួលយក អាសនៈណាមួយ ដែលផ្តល់ដោយ គជប។
យោងតាមលិខិតរបស់ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ផ្ញើជូនលោកស៊ិក ប៊ុកហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្នុងលិខិតនោះ លោកអ៊ី សាំងឡេង អនុប្រធាន គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានបញ្ជាក់ថា យោងតាមច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត ច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ បានបង្ហាញថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងទទួលបាន អាសនៈរដ្ឋសភា អាសនៈក្រុមប្រឹក្សាស្រុក អាសនៈក្រុមប្រឹក្សាឃុំ សង្កាត់ មួយចំនួនរបស់ គណបក្សសង្រ្គោះជាតិ បន្ទាប់ពីគណបក្សនេះ ត្រូវបានរំលាយ ដោយអំណាចសាលដីកា តុលាការកំពូល លេខ៣៤០ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
អនុប្រធានគណបក្ស LDP បានបញ្ជាក់បន្ថែមថា “ឆ្លើយតបនឹងបញ្ហាខាងលើនេះ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សូមបញ្ជាក់ ចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថា គណបក្ស នឹងមិនទទួលយក អាសនៈណាមួយ ដែលផ្តល់ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឡើយ” ។ ទោះជាយ៉ាងណាមូលហេតុ នៃការបដិសេធ មិនទទួលយកអាសនៈ ទំនេរណាមួយ នៅក្នុងរដ្ឋសភា របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មិនត្រូវបានបញ្ជាក់ នៅក្នុងលិខិតនោះ នៅឡើយ ប៉ុន្តែគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានស្នើដល់ប្រធានគជប មេត្តាជួយសម្រួល តាមនីតិវិធីច្បាប់ ដោយអនុគ្រោះ។
គួរបញ្ជាក់ថា ក្រោយរំលាយគណបក្សសង្រ្គោះជាតិ អាសនៈចំនួន៥៥ របស់គណបក្សនេះ នឹងត្រូវបែងចែកទៅឱ្យ គណបក្សចំនួន៦ ដែលចូលរួម ក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០១៣ ក្នុងនោះរួមមាន៖ ១៖ គណបក្សហ្វ៊ុនស៊ិនប៉ិច ២៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ
៣៖ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ៤៖ គណបក្សខ្មែរឈប់ក្រ ៥៖ គណបក្សសញ្ជាតិកម្ពុជា និង៦៖ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ៕ ដោយ៖បញ្ញាស័ក្តិ