ភ្នំពេញ៖ទិវាអនាម័យបរិស្ថានជាតិ ប្រារព្ធធ្វើជារៀងរាល់ឆ្នាំនាថ្ងៃទី២៣ ខែវិច្ឆិកា ហើយក្នុងឆ្នាំ២០១៧នេះ ទិវាថ្នាក់ជាតិ ប្រារព្ធឡើងក្រោមប្រធានបទ “តោះនាំគ្នាសំអាត ផ្ទះរបស់យើង”។ ទិវានេះដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភ័ណភាពទីប្រជុំជន និងសុខភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់គ្រប់គ្រងសំណល់រឹងឲ្យបានត្រឹមត្រូវ ដោយត្រូវចេះវេចខ្ចប់ និងញែកសំរាមតាមប្រភេទ ដូចជា សំណល់អាចកែច្នៃបាន (អេតចាយ) សំណង់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឲ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីលាន។
ក្រសួងបរិស្ថាន តាមរយៈនាយកដា្ឋនព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដា្ឋនចំណេះដឹង និងព័ត៌មានបរិស្ថាន នឹងរៀបចំជាផ្លូវការទិវាអនាម័យបរិស្ថានជាតិ សំអាតអនាម័យតំបន់ឆ្នេរ ក្នុងខេត្តកោះកុង នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។ ។ នាយកដា្ឋនព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដា្ឋនចំណេះដឹង និងព័ត៌មានបរិស្ថានគ្រោង នឹងធ្វើការផ្សព្វផ្សាយទៅ គ្រប់បណ្តាភាគី ក្រសួងស្ថាប័ន ដៃគូរអភិវឌ្ឍ និងវិស័យឯកជនចូលរួមអនុវត្ត និងផ្សព្វផ្សាយអនុក្រឹត្យឱ្យបានផុសផុលដើម្បីទីក្រុងស្អាត និងភូមិដ្ឋានគ្មានសំរាម។ ឆ្លើយតបនឹងចក្ខុវិស័យខាងលើ ជាពិសេសដើម្បីឱ្យការប្រារព្ធ “ទិវាអនាម័យបរិស្ថានជាតិ” ជារៀងរាល់ឆ្នាំ អាចប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កានិងមានការចូលរួមកាន់តែសស្រាក់សស្រាំថែមទៀតពីសំណាក់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ វិស័យឯកជន សហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំរៀបចំទិវាអនាម័យបរិស្ថានជាតិនេះសំដៅចលនាមហាជនឱ្យចូលរួមធ្វើអនាម័យ ក៏ដូចជាបំផុសចលនាចូលរួមធ្វើការសំអាតអនាម័យបរិស្ថានតាមទីលំនៅដ្ឋាន ទីសាធារណៈ ដោយទុកដាក់សំរាម ក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ និងដាំដើមឈើដើម្បីឱ្យមានភាពបៃតងស្រស់ប្រកបដាយផាសុកភាព។
រមណីយដ្ឋាន មជ្ឈមណ្ឌលកម្សាន្ត ភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវធ្វើអនាម័យបរិស្ថានជាប់ជាប្រចាំ ដើម្បីធានាសោភ័ណភាព ផាសុកភាព និងភាពមនោរម្យ ក្នុងការផ្តល់សេវាកម្មសម្រាក លំហែ និងទេសចរណ៍ ដោយត្រូវប្រមូលដាក់សំរាម សំណល់រឹងឲ្យបានរៀបរយដាក់ធុងសំរាម ឲ្យបានគ្រប់គ្រាន់ និងដឹកជញ្ជុនចេញឲ្យទាន់ពេលវេលា៕ ដោយ៖កូឡាប