បុរសម្នាក់ត្រូវបានគេរាយការណ៍ថា បានផឹកស្រាស្រវឹង និងលោតចូលក្នុងទ្រុងតោ នៃសួនសត្វមួយកន្លែងនៅក្នុងប្រទេសឥណ្ឌា ។ ប៉ុន្តែ សំណាងហើយ ដែលបុរសរូបនេះអាចយកឈ្នះអំណាចសត្វតោទាំងនោះ ដែលព្យាយាមប្រុងនឹងវាយប្រហារគាត់ នៅចំពោះហ្វូងមនុស្សជាអ្នកទេសចរស្រែកពោរពេញដោយក្តីរន្ធត់យ៉ាងខ្លាំង ។
វីដេអូត្រូវបានបញ្ចេញដោយ Liveleak បានបង្ហាញឲ្យឃើញ បុរសស្រវឹងរូបនោះ ស្ថិតនៅមាត់ទឹក ឃ្លាតចម្ងាយប៉ុន្មានម៉ែត្រពីរបងសួនសត្វ កំពុងប្រឈមជាមួយសត្វតោញីឈ្មោលពីរបីក្បាល ។ ដោយសារតែអំណាចនៃស្រា បុរសនោះអាចត្រូវបានឃើញលើកដៃធ្វើសញ្ញាយ៉ាងអឿ ទៅកាន់សត្វតិរច្ឆានទាំងនោះ យ៉ាងក្លាហានបំផុត ខណៈដែលមនុស្សម្នាដែលមានការព្រួយបារម្ភយ៉ាងខ្លាំង គប់ដុំថ្ម ដំបងទៅកាន់សត្វតោ ។
ទីបំផុត សត្វតោទាំងនោះ បានចុះញម និងដកខ្លួនចាកចេញទៅឆ្ងាយពីបុរសមានសំណាងរូបនេះ ។ បុរសនេះ បន្ទាប់មកហែលទឹកត្រឡប់ទៅកាន់របង ដើម្បីឡើងលើគោកវិញដោយសុវត្ថិភាព តាមរយៈខ្សែដែលក្រុមអ្នកសង្គ្រោះបានទម្លាក់ចុះ ។
ទោះយ៉ាងណា បុរសរូបនេះ ត្រូវបានមន្ត្រីវាយនឹងរំពាត់យ៉ាងចាស់ដៃ ចំពោះទង្វើដ៏ល្ងីល្ងើមិនស្គាល់ងាប់បែបនេះ ៕ ឧត្តម