ដំណើររឿងគឺនាង Zhong រួមជាមួយក្រុមគ្រួសារកំពុងបរិភោគអាហារនៅហាងមួយ នាខេត្តក្វាងចូវ ប្រទេសចិនកាលពីថ្ងៃទី ២៨ ខែកក្កដា ស្រាប់តែកូនប្រុសរបស់នាងប្រទះនឹងដុំប្រូម៉ាពិបាកទំពារ១ដុំ ក្នុងស៊ុបបង្កងប៉ាក -នេះបើតាមកាសែត Shanghaiist ។
សំណល់ស្ករកៅស៊ូ (រង្វង់ក្រហម) ក្នុងចាននៅហាងមួយ នាខេត្តក្វាងចូវ កាលពីថ្ងៃទី ២៨ ខែកក្កដា ។
ពេលខ្ជាក់ដុំប្រូម៉ា ពិបាកទំពារ ព្រោះ “ស្វិត” ឲ្យទាយមើល ទើបទាំងអស់គ្នាភ្ញាក់ក្រញ៉ាង ដោយសារវាជាសំណល់ស្ករគ្រាប់កៅស៊ូ ។ នាងក៏ហៅអ្នកបម្រើមកសាកសួរ ប៉ុន្តែពួកគេនិយាយថា ដុំស្កកៅស៊ូនេះ ពុំមែនជាបញ្ហារបស់ហាងទេ ។ អ្នកគ្រប់គ្រងហាងនេះបែរជានិយាយយ៉ាងរំភើយថា ៖ “បង្កងប៉ាកនេះ វាអាចស៊ីស្ករកៅស៊ូ!?” ។
ផ្ទុះកំហឹងដោយចម្លើយគ្មានការទទួលខុសត្រូវបែបនេះ Zhong បានទូរស័ព្ទហៅប៉ូលិស ។ កងកម្លាំងសមត្ថកិច្ចបានសំណូមពរឲ្យរក្សាស្ថានភាពតុម្ហូបអាហារនេះ រហូតដល់ពេលអាជ្ញាធរខាងសុខាភិបាលស៊ើបអង្កេតរួច ។ ដំបូងអ្នកទទួលខុសត្រូវហាង បានបដិសេធមិនសហការ តែចុងក្រោយក៏យល់ព្រមរួចយកក្រណាត់កម្រាលតុមកគ្របពីលើតុអាហាររបស់គ្រួសារនាង Zhong ។
៣ថ្ងៃក្រោយ Zhong បានវិលត្រឡប់មកហាងនេះ តែឃើញតុអាហារនោះបានត្រូវគេរើចេញ “ស្អាត” ។ ពេលសួរទៅក្រុមអ្នកបម្រើគេបដិសេធថា “មិនដឹង” ។ ឥឡូវនាងបានរាយការណ៍ឡើងទៅអាជ្ញាធរសុខាភិបាល ក្រុងក្វាងចូវ អមដោយរូបភាពច្រើនសន្លឹក ដែលបានថតទុកជាមួយនឹងកំណត់ហេតុ លើកមុន ។
ម្យ៉ាងដែរ ស្រុកចិនបង្កងប៉ាកចេះស៊ីស្ករ…កៅស៊ូ!? ៕ ចន្ទ្រា