វាជារឿង១តូចសោះ ប៉ុន្តែបុរសជាឪពុកសញ្ជាតិចិនម្នាក់នេះ បានមានទង្វើដូចកម្រោលចូលលើកូនក្មេង… ចុងក្រោយទាល់តែអស់ ១៥០០ ដុល្លារ ទើបស្ងាត់ ។
ខ្សែវីដេអូថតនៅមជ្ឈមណ្ឌលអប់រំមួយនៅសៀងហៃ ប្រទេសចិនបានបង្ហាញឲ្យឃើញបុរសម្នាក់ ហាក់ដូចកម្រោលចូលបានធ្វើការវាយតប់លើក្មេងប្រុសម្នាក់ ក្រោយពេលក្មេងប្រុសនោះបាន “រពឹស” យកជើងទាត់ប្រដាប់លេងរបស់កូនស្រីខ្លួន ។
… កម្រោលចូលពេលឃើញក្មេងប្រុសយកជើងឈូសប្រដាប់លេងរបស់កូនស្រី ។
ហេតុការណ៍គឺក្រុមគ្រួសារមួយនេះ កំពុងចោមរោមមើលកូនស្រីតូចអង្គុយរៀបប្រដាប់លេងលើឥដ្ឋ ស្រាប់តែក្មេងប្រុសម្នាក់បានដើរមក យកជើងទាត់ ។ មិនបាន១វិនាទីផង បុរសជាឪពុកបានស្ទុះសំដៅ រួចច្រានក្មេងប្រុសឲ្យផ្ងារក្រោយ ។ ដោយសារមានការឃាត់អង្វកររបស់ប្រពន្ធ និងបុគ្គលិកនៅទីនោះ បុរសរូបនេះ បានដើរចេញទាំងរអ៊ូពុំឈប់មាត់ ។
ហេតុការណ៍ស្មានថា ចប់ហើយ ប៉ុន្តែពលបុគ្គលិកដឹកដៃក្មេងប្រុសចេញទៅកន្លែងផ្សេង ស្រាប់តែវាមានចេតនាគប់របស់លើដៃទៅកាន់បុរសនោះ ធ្វើឲ្យកម្រោលចូលសារជាថ្មី ហើយម្តងនេះគឺលោតធាក់តែម្តង ។ សំណាងល្អដែលវាប៊ិះត្រូវ ពុំនោះសោតប្រហែលជាធ្ងន់ធ្ងរហើយ ។
ចុងក្រោយបុរសនេះ បានបន្តធ្វើការវាយបំផ្លាញរបស់របរនៅទីនោះទាល់តែប្រពន្ធអង្វរ កូនស្រីស្រែកយំទើបឈប់ ។ បុរសរូបនេះនៅបានស្រែកថា គេគ្រប់គ្រងខ្លួនឯងបានទៀត! ។
ចុងក្រោយគឺដំណោះស្រាយនៅប៉ុស្តិ៍ប៉ូលិស! ។ បន្ទាប់ពីពិនិត្យឃើញក្មេងប្រុសពុំរងរបួសអ្វីធ្ងន់ធ្ងរ តែប៉ូលិសចាប់ឲ្យបុរសរូបនេះសងដល់គ្រួសារក្មេងប្រុសនូវទឹកប្រាក់ 8500 យាន់ (ជិត ១៥០០ដុល្លារ) ដើម្បីបញ្ចៀសពីការបញ្ជូនសំណុំរឿងទៅតុលាការ ៕ លីសា