Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្គ្រាន្តឆ្នាំថ្មីចូលមកដល់នៅវេលាម៉ោង ២២និង២៤ នាទីយប់ ថ្ងៃទី១៣មេសា ឆ្នាំ២០២៤នេះហើយ

ភ្នំពេញ ៖ សង្គ្រាន្តឆ្នាំថ្មី ឆ្នាំរោងឆសក័ ព.ស២៥៦៨ គ.ស២០២៤ បានចូលមកដល់នៅវេលាម៉ោង២២និង២៤នាទីយប់ ថ្ងៃទី១៣មេសាឆ្នាំ២០២៤។ ក្នុងឱកាសដ៏រីករាយនេះដែរ  ក្រុមប្រឹក្សារាជធានីភ្នំពេញ, គណៈអភិបាលរាជធានីភ្នំពេញ អាជ្ញាធរសង្កាត់ ខណ្ឌ កងកម្លាំងប្រដាប់អាវុធក្រោមឱវាទរាជធានីភ្នំពេញ បានកំណត់ យកទីតាំងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំពេញដែលជានិមិត្តរូប នៃការកកើតរាជធានីភ្នំពេញ ដើម្បីប្រារព្វពិធីទទួលអំណរសាទរទេវតាឆ្នាំថ្មីឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤។

ឯកឧត្តមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ, ឯកឧត្តមឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយគណៈអភិបាល សមាជិកសមាជិការក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់បានអញ្ជើញបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី, លោកយាយពេញសុំជួយបីបាច់ ថែរក្សាអភិបាលប្រោះព្រំដល់ប្រជាពលរដ្ឋរាជធានីភ្នំពេញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់អោយមានសេចក្តីសុខចំរុងចំរើន និងទទួលបានជោគជ័យ ក្នុងគ្រប់ការងារក្រោមម្លប់នៃសន្តិភាពនាឆ្នាំថ្មីនេះ។ ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញក៏ បានបួងសួងសុំពរជ័យពីទេវតាឆ្នាំថ្មី សូមកើតមានដល់ប្រជាពលរដ្ឋគ្រប់និងជំរះ អស់នូវគ្រោះចង្រៃឧបទ្រពទាំងឡាយទាំងពួងដែលកើតមានពីឆ្នាំចាស់ឲ្យជ្រះស្រលះ និងទទួលពរជយ័សិរីសួរស្តីពីទេវតាឆ្នាំថ្មីព្រះនាម មហោធរទេវី ជាបុត្រីទី៧របស់កបិលមហាព្រហ្ម ព្រមទាំងសម្រេចបានជោគជ័យថ្មីៗថែមទៀតក្នុងឆ្នាំថ្មី នេះ។ ជាមួយគ្នានេះដែរ រដ្ឋបាលរាជធានីភ្នំពេញក៏បានបង្កើតសង្គ្រាន្តវត្តភ្នំ រួមទាំងការតុបតែងលំអរជុំវិញរមណីដ្ឋានវត្តភ្នំ,តាមដងវិថី, មហាវិថីនិងកន្លែងសប្បាយភាពនានា រួមទាំងការបង្កើតឲ្យមានការលេងល្បែងរបាំប្រជាប្រិយខ្មែរ ច្រើនទំរង់ ការប្រគុំតន្រ្តីរួមទាំងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈបានយ៉ាងល្អ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកលើកស្ទួយប្រពៃណីវប្បធម៌ជាតិដ៏ល្អផូរផង់,ការទាក់ទាញភ្ញៀវទេសចរ ឲ្យិចូលមកទស្សនាកំសាន្តនៅរាជធានីភ្នំពេញ និងនៅតាមបណ្តារាជធានី.ខេត្ត តាមរយៈការរៀបចំសង្គ្រាន្តប្រចាំតំបន់ ឬតាមអង្គភាព,តាមក្រុមហ៊ុន, សាលារៀន,វត្តអារាមជាដើម។ ពិធីខាងលើនេះ ក៏បានបង្ហាញឲ្យិឃើញពីស្មារតីសាមគ្គីភាព មិត្តភាពរវាងមន្ត្រីរាជការនិងប្រជាពលរដ្ឋក៏ដូចរំលឹកឡើងវិញ នូវសមិទ្ធិផលនានាដែលរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយប្រជាពលរដ្ឋបានកសាងឡើងក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ ដើម្បីបំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋក្នុងទីក្រុង ទាំងសេវាសាធារណៈ, ការកសាងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់, ការលើកកំពស់សោភណ្ឌភាពបរិស្ថានរាជធានីភ្នំពេញផងដែរ។
ទន្ទឹមនឹងការរៀបចំឲ្យមានការលេងល្បែងប្រជាប្រិយមានទាញព្រាត់, លោតបាវ, ចោលឈូង, បោះអង្គញ់, លាក់កន្សែងនិងរាំលេងកំសាន្តនៅរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ក៏មានការរៀបចំជាស្តង់លក់ទំនិញបែបអនុស្សាវរីយ៍ជាខ្មែរ ជាអាហារហូបចុកជាច្រើនមុខថែមទៀត។ ឯកឧត្តមឃួង ស្រេង បានលើកឡើងថា៖ យើងបានសប្បាយរីករាយ គឺដោយសារយើងមានសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយក្រោមការដឹកនាំរបស់របស់ស្ថាបនិកសន្តិភាពគឺ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងដឹកនាំបន្តរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអាណត្តិទី៧ នៃរដ្ឋសភា ដែលបានធ្វើឲ្យកម្ពុជាបោះជំហ៊ានទៅមុខលើគ្រប់វិស័យ ធ្វើឲ្យកម្ពុជាស្មើមុខស្មើមាត់លើឆាកអន្តរជាតិ។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងចំនួន៤៥៥គ្រឿង ដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ទៅលេងស្រុកកំណើតតាមបណ្តាខេត្ត.ក្រុងនានា នឹងចាំដឹកបងប្អូនមកវិញនៅថ្ងៃទី១៧មេសា ដោយមិនយកប្រាក់ដើម្បីជួយសម្រាលបន្ទុកចំណាយ របស់បងប្អូនក្នុងការធ្វើដំណើរនាឱកាសបុណ្យចូលឆ្នាំថ្មីនេះ។ ក្នុងឱកាសបុណ្យចូលឆ្នាំរយៈពេល៣ថ្ងៃគឺថ្ងៃទី១៣,១៤,១៥មេសានេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗក្មួយៗជាយុវ័យសិស្សសាលា,កម្មករ កម្មការិនី ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកពេលបើកបរ, មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍, ចូលរួមទប់ស្កាត់ ការពារគ្រោះអគី្គភ័យ ត្រូវមានការប្រុងប្រយត្ន័ចំពោះភ្លើងទៀន ធូប,ចង្គ្រានហ្គាស,ចរន្តអគ្គិសនីជាដើម។ ក្នុងសេចក្តីអំពាវនាវដដែលនេះដែរក៏ បានណែនាំឲ្យជៀសវាងការលេងបាញ់ទឹក,ជះទឹក ,គប់ស្បោងទឹក,លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃឬវាយនឹងរំពាត់ទៅលើអ្នកដំណើរ, ការជិះម៉ូតូបង្ហោះតាមដងផ្លូវ ,ហាមដាច់ខាតការលេងល្បែងស៊ីសង ដុតផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទ។ ត្រូវចូលរួមរក្សាឲ្យបាននូវសេចក្តីថ្លៃថ្នូរសក្ត័សមជាកុលបុត្រ កុលធិតាខ្មែរប្រកបដោយគុណធម៌ និងសិលធម៌។ ពិធីបុណ្យចូលឆ្នាំថ្មី ក៏បានបញ្ជាក់ឲ្យយើងគ្រប់គ្នាបានដឹងផងដែរថា៖ អាយុរបស់យើងម្នាក់ៗចេះតែរំកិលទៅមុខឥតឈប់ឈរ គឺពេលវេលាមិនចាំយើងទេ។ ដូច្នេះទាមទាឲ្យបុគ្គលគ្រប់រូបប្រតិបត្តិតែអំពើល្អ អំពើជាកុសលសំរាប់ខ្លួន,សំរាប់គ្រួសារ សម្រាប់អ្នកដទៃនឹងសម្រាប់  សង្គមជាតិទាំងមូលក្រោមម្លប់សន្តិភាព៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×