ដើម្បីអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ នៅខេត្តកំពត ឱ្យមាននិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ និងផ្លូវទឹកក៏ជាមធ្យោបាយធ្វើដំណើរ និងទេសចរណ៍ប្រកបដោយភាពទាក់ទាញ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកការដ្ឋាន សាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ នៅខេត្តកំពត នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ នៅឯកំពង់ផែអន្តរជាតិ ស្ថិតក្នុងភូមិកំពង់ទ្រាក ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា យើងត្រូវរួមគ្នា ជំរុញការអភិវឌ្ឍទេសចរណ៍ តំបន់ឆ្នេរ ពិសេសខេត្តកំពត ឱ្យមាននិរន្តរភាពនិងការទទួល ខុសត្រូវខ្ពស់ សម្រាប់បម្រើផ្នែកវិស័យទេសចរណ៍ កាន់តែមានសក្តានុពល ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុកដាក់ជំរុញ ការអភិវឌ្ឍ នូវសម្បទាទេសចរណ៍ផ្លូវទឹកទាំងនេះ ជាពិសេសនៅកំពង់ផែខេត្តព្រះសីហនុ និងខេត្តកំពត ព្រមទាំងខេត្តតំបន់ឆ្នេរផ្សេងទៀត ដើម្បីជំរុញចលនា និងលំហូរទេសចរណ៍នៅតំបន់ឆ្នេរ និងច្រករបៀងទេសចរណ៍ភាគខាងត្បូង។
លោកបន្តថា តំបន់ឆ្នេរនៅឆ្នាំ២០១៧ ទទួលបានភ្ញៀវទេសចរប្រមាណ ៣,២លាននាក់ ក្នុងនោះទេសចរអន្តរជាតិប្រមាណ ៧៤ម៉ឺននាក់ កើនឡើង ២០ភាគរយ ខណៈរយៈពេល៦ខែ ដើមឆ្នាំ២០១៨នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៣លាននាក់ កើនឡើង ១៣ភាគរយ ហើយជាការរំពឹងទុកពេញមួយឆ្នាំ២០១៨ កម្ពុជានឹងទទួលបានទេសចរ ៦,២លាននាក់។
លោក ថោង ខុន ក៏បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានទទួលហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីវិនិយោគលើហេដ្ឋារចនា សម្ព័ន្ធទេសចរណ៍ពាក់ព័ន្ធក្នុងតំបន់ឆ្នេរចំនួន៣ គឺខេត្តកែប កំពត និងខេត្តកោះកុង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវការតភ្ជាប់ការធ្វើដំណើរ និងទេសចរណ៍ តាមច្រក របៀងទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការបង្កើត និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សហគមន៍ទេសចរណ៍ ការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍ ជាពិសេសលើកកម្ពស់ជំនាញវិជ្ជាជីវៈទេសចរណ៍ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការជំរុញកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅតំបន់ឆ្នេរ និងការបើកច្រកទេសចរណ៍ផ្លូវ សមុទ្រទៅកាន់តំបន់ និងពិភពលោករបស់កម្ពុជាផងដែរ។
លោករដ្ឋមន្ត្រីបានថ្លែងថា គ្រប់ភាគីពាក់ព័ន្ធត្រូវរួមគ្នាជំរុញការអភិវឌ្ឍទេសចរណ៍តំបន់ឆ្នេរ ពិសេសនៅខេត្តកំពតនេះឱ្យមាននិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ តាមទស្សនទានសំខាន់៣គឺ បៃតង ស្អាត និងឆ្លាត (Green Clean and Smart) ដោយយកចិត្តទុកដាក់អនុវត្តតាមផែនការយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ ផែនការមេ និងទស្សនទានផែនការអភិវឌ្ឍល្អៗបន្ថែមទៀត ក្នុងនោះត្រូវយកចិត្តទុកដាក់ អនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍កំពតថ្មី ២០១៦-២០២០ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារមាតុភូមិកម្ពុជា និងធ្វើឱ្យទឹកដីកម្ពុជា ក្លាយជាកន្លែងដ៏ប្រសើរបំផុត សម្រាប់ការរស់នៅរបស់ប្រជាជន និងការទស្សនារបស់ភ្ញៀវទេសចរ។
លោកជាវ តាយ អភិបាលខេត្តកំពត បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៨នេះ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបចំនួន ៨៥៧.៥២៩នាក់ ក្នុងនោះភ្ញៀវអន្តរជាតិចំនួន៩២.៧១៨នាក់ ហើយខេត្តកំពតមានរមណីយដ្ឋានទេសចរណ៍ចំនួន១៧កន្លែង សហគមន៍ទេសចរណ៍ចំនួន៤ គោលដៅទាក់ទង នឹងសេវាស្នាក់នៅចំនួន ២២០កន្លែង ស្មើនឹង ៣.១១២បន្ទប់ និងសេវាម្ហូបអាហារចំនួន ១២៧កន្លែង។ ខេត្តកំពតគឺជាសមាជិកក្លឹបឆ្នេរសមុទ្រល្អបំផុតលើពិភពលោក ហើយក្រុងកំពតក៏ជាក្រុងដែលទទួលបាន ផ្ការំដួលបីទង ក្នុងចលនាប្រឡងប្រណាំងទីក្រុង ស្អាតនាដើមឆ្នាំ២០១៨កន្លងមកនេះ។
លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជានាយកគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត បានឱ្យដឹងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ ត្រូវការចំណាយថវិកាជាង៨លានដុល្លារ ដែលជាហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី៕ ដោយ ៖ បញ្ញាស័ក្តិ