សេដ្ឋីចិនម្នាក់បានបង្កការភ្ញាក់ផ្អើល បន្ទាប់ពីត្រូវបានឃើញនៅក្នុងវីដេអូ ជិះឧទ្ធម្ភាគចក្រចុះចតនៅលើដំបូងផ្ទះឯកជនមួយ នៅក្នុងអំឡុងដំណើររបស់គាត់ ទៅទស្សនាភូមិជាយភ្នំមួយនៅស្រុក Cangxi ខេត្ត Sichuan ។
យោងតាម Shanghaiist បានឲ្យដឹងថា ម្ចាស់ឧទ្ធម្ភាគចក្រនេះ ត្រូវបានស្គាល់ថាជាឧកញ៉ាចិន និងសប្បុរជនម្នាក់ ឈ្មោះ Lu Junqing ដែលតែងចុះមកលេងតំបន់ជនបទនេះ ហើយត្រូវបានគេភ្ជាប់ទាក់ទងទៅនឹងរឿងអាស្រូវសប្បុរសធម៌ចិន-អាហ្វ្រិកឆ្នាំ២០១១ ។
នៅក្នុងឃ្លីប ឧទ្ធម្ភាចក្រអាចត្រូវបានឃើញកំពុងសំកាំងពីលើផ្ទះមួយ មុនពេលចុះចតនៅលើដំបូង ។
យោងតាមអ្នកស្រុក មហាសេដ្ឋីរូបនេះមានទម្លាប់ចុះឧទ្ធម្ភាគចក្ររបស់គាត់ នៅលើដំបូងផ្ទះឯកជនរបស់គាត់ រៀងរាល់ពេលដែលគាត់មកលេងតំបន់នេះ ។
អ្នកលេងអ៊ីនធើរណេតមួយចំនួន នៅលើ Weibo បានលើកឡើងថា ឧទ្ធម្ភាគចក្រនេះបានចុះចតហាក់ដូចជាមិនស្របច្បាប់ទេ ។ ប៉ុន្តែ អ្នកលេងម្នាក់បានពន្យល់ថា សកម្មភាពរបស់សេដ្ឋីនេះគឺពិតជាត្រឹមត្រូវ និងថា «ប្រសិនបើអ្នកមានលុយគ្រប់គ្រាន់ នោះគ្មានអ្វីដែលខុសច្បាប់នោះទេ» ៕ ឧត្តម (nextshark)