ខេត្តកំពត ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានថ្លែងថា លោក SantaKH បានដឹងអំពីកំហុស ហើយបានមកធ្វើការសុំទោសដោយផ្ទាល់ជាមួយ ឯកឧត្តម អភិបាលខេត្ត និងសុំទោសជាសាធារណៈម្តងទៀតជុំវិញ កំហុសឆ្គងរបស់ខ្លួនក្នុងការថតរូបមិនសមរម្យ បន្ទាប់ពីបុគ្គលរូបនេះ ថតរូបមិនសមរម្យភ្ជាប់ជាមួយរូបសត្វសេះសមុទ្រ នៅឆ្នេរសមុទ្រខេត្តកំពត។
នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតឲ្យលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook ចូលជួបដើម្បីធ្វើការសុំទោសនូវកំហុសឆ្គងដែលបានថតរូប ដោយគ្មានសីលធម៌ ជាមួយរូបសំណាកសេះសមុទ្រ ក្នុងក្រុងកំពត ថ្មីៗនេះ ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការអប់រំណែនាំ ក្នុងនាមជាបង ដើម្បីឲ្យលោកត្រូវធ្វើជាយុវជនល្អក្នុងសង្គម ហើយផ្សព្វផ្សាយអ្វីដែលល្អឲ្យបានច្រើន ហើយធ្វើការផ្សព្វផ្សាយសុំទោស ធ្វើបែបណាក៏ដោយឲ្យបងប្អូនប្រជាពលរដ្ឋគាត់ឈប់ខឹងនិងលើកលែងទោសឲ្យ ហើយឈប់ប្រព្រឹត្តអ្វីដែលខុសបន្តទៀត ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី