លុះជាបន្តបន្ទាប់មកទៀត ស្រាប់តែ ក្រុមហ៊ុនថៃ ខន់ត្រាក់សិន ឌីវេលុបមេន ខូ. អិលធីឌី និងស្ត្រីឈ្មោះ អ៉ិត ដានី ប៉ែងជើងមួយក្បាច់ដួលផ្ដាច់ព្រលឹងជនរងគ្រោះតែម្ដង គឺពួកគេនាំគ្នាធ្វើកិច្ចព្រមព្រៀងថ្មីមួយទៀត ហៅថា ” កិច្ចព្រមព្រៀងបញ្ចប់ការពឹងពាក់ឱ្យជួយជ្រោមជ្រែង និងសម្របសម្រួល ” ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤, ហើយក្នុងខ្លឹមសារ នៃកិច្ចព្រមព្រៀងថ្មីនេះ ត្រង់ ÷
– ប្រការ ៤ : បានចែងថា ចាប់ពីថ្ងៃបញ្ចប់កិច្ចព្រមព្រៀងពឹងពាក់ឱ្យជួយជ្រោមជ្រែង និងសម្របសម្រួល នេះតទៅ ក្រុមហ៊ុនថៃ ខន់ត្រាក់សិន ឌីវេលុបមេន ខូ. អិលធីឌី ដែលជា ភាគី ក សូមបញ្ជាក់ថា ភាគី ខ (ស្ត្រីឈ្មោះ អ៉ិត ដានី) ឈប់ទទួលខុសត្រូវទៅលើការងារពាក់ព័ន្ធនឹងគម្រោងសាងសង់ផ្លូវជាតិលេខ ៦៧ ទៀតហើយ, ខ្លឹមសារនេះមានន័យថា គេរុញឱ្យស្ត្រីឈ្មោះ អ៉ិត ដានី រួចខ្លួន លែងពាក់ព័ន្ធនឹងកិច្ចការផ្សេងៗ។ ចំពោះមូលប្បទានប័ត្រ លេខ ៩៧០៧៣៩ មានទឹកប្រាក់ចំនួន ៦០ម៉ឺនដុល្លារ ដែលភាគី ខ (ស្ត្រីឈ្មោះ អ៉ិត ដានី) ចេញទៅឱ្យជនរងគ្រោះមានទំនុកចិត្តនោះ គឺក្រុមហ៊ុនសម្រេចចិត្តលុបចោលទាំងស្រុង ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ តទៅ។ មានន័យថា គេធ្វើដូចជាប្រគល់លុយ ៦០ម៉ឺនដុល្លារនេះ ឱ្យទៅជនរងគ្រោះវិញយ៉ាងដូច្នោះអញ្ចឹង លុះដល់ក្លៀសែក (ឱ្យធនាគារពិនិត្យ) ទើបដឹងថា គ្មានសាច់ប្រាក់។
– ប្រការ ៥ : បានចែងថា ចំពោះប្រាក់ ៦០ម៉ឺនដុល្លារ ដែលក្រុមហ៊ុន បានប្រគល់ជូនទៅភាគី ខ (ស្ត្រីឈ្មោះ អ៉ិត ដានី) ដើម្បីពឹងពាក់ឱ្យជួយជ្រោមជ្រែង និងសម្របសម្រួល រៀបចំឯកសារ និងច្បាប់ទម្លាប់ផ្សេងៗឱ្យក្រុមហ៊ុននោះ គឺក្រុមហ៊ុនមិនទាមទារត្រឡប់មកវិញពីភាគី ខ (ស្ត្រីឈ្មោះ អ៉ិត ដានី) នោះទេ ព្រោះស្ត្រីឈ្មោះ អ៉ិត ដានី បានបំពេញកិច្ចការជួយជ្រោមជ្រែងឱ្យក្រុមហ៊ុនទទួលបានដីកាបញ្ជូន លេខ ៣០៦ ខន/០២៤ របស់ខុទ្ទកាល័យថ្នាក់ដឹកនាំ។ មានន័យថា គេក្លែងធ្វើជាឱ្យស្ត្រីឈ្មោះ អ៉ិត ដានី ទទួលបានប្រាក់ ៦០ម៉ឺនដុល្លារថ្លៃរត់ការយ៉ាងងាយស្រួល ដែលតាមពិត លុយនេះ ជាលុយរបស់ជនរងគ្រោះដាក់ចូលជាភាគហ៊ុន ដើម្បីទទួលបានការប្រាក់ខ្ពស់តែប៉ុណ្ណោះ ត្រង់នេះហើយ ដែលទីបំផុត ជនរងគ្រោះមិនទទួលបានការប្រាក់, ហើយលុយ ៦០ម៉ឺនដុល្លារ ត្រូវគេឆបោកយកទៅបាត់ រីឯពេលវេលាក្លាយជាអសារបង់ និងខាតប្រយោជន៍ជាច្រើនទៀត។
ស្របពេលដឹងថា ចាញ់បោកក្រុមហ៊ុនថៃក្លែងក្លាយ, គម្រោងសាងសង់ផ្លូវជាតិលេខ ៦៧ ក្លែងក្លាយរបស់ស្ត្រីឈ្មោះ អ៉ិត ដានី, ជនរងគ្រោះបានប្ដឹងទៅនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីអន្តរាគមន៍ជួយរកយុត្តិធម៌ផងដែរ ប៉ុន្តែមិនទទួលបានលទ្ធផលជាវិជ្ជមានឡើយ, បន្ថែមពីនេះ ជនរងគ្រោះ ក៏បានស្នើសុំទៅ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើប្រទេស ដើម្បីជួយអន្តរាគមន៍រកយុត្តិធម៌ដូចគ្នាដែរ ប៉ុន្តែក៏មិនទាន់ទទួលបានលទ្ធផលវិជ្ជមានដែរ។
ករណីខាងលើនេះ CEN បានព្យាយាមស្វែងរកលេខទូរស័ព្ទស្ត្រីឈ្មោះ អ៉ិត ដានី ដើម្បីទាក់ទងសុំការបំភ្លឺបកស្រាយ ប៉ុន្តែមិនអាចទាក់ទងបាន ព្រោះស្វែងរកលេខទូរស័ព្ទមិនបាន។ រីឯការផ្សាយពីឈុតឆាក នៃរូបភាពឆបោកនេះ គ្រាន់តែជាការលើកឡើងរបស់ជនរងគ្រោះតែប៉ុណ្ណោះ ការពិតយ៉ាងណានោះ អាស្រ័យលើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវបំបែកសំណុំរឿងនេះ និងរង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធ ជាពិសេសស្ត្រីឈ្មោះ អ៉ិត ដានី ៕ ពិសិដ្ឋ CEN