ខេត្តកំពង់ចាម ៖ បុរសម្នាក់ដែលជាប្ដីក្រោយបានទាញកាំបិតផ្គាក់កាប់ ប្រពន្ធបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម កាលពីវេលាម៉ោងប្រមាណ៥និង៣០នាទីល្ងាចថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅ នៅភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ បន្ទាប់មកក៏យកម៉ូតូហុងដាឌ្រីមរបស់ប្រពន្ធជិះគេចចូលទៅក្នុងព្រៃ ។
ក្រោយពីមានហេតុការណ៍នេះកើតឡើង លោកស្នងការនគរបាលខេត្ត បានចាត់ឱ្យកងកម្លាំងបើកប្រតិបត្តិការតាមចាប់ខ្លួនបុរសរូបនេះទាំងយប់ និងចំណាយពេលជាច្រើនម៉ោងតែរកមិនឃើញ ។
រហូតមកដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ទើបសមត្ថកិច្ចក្របួចឃាតករជាប្ដីបាន ខណៈជិះម៉ូតូរត់ទៅដល់ទឹកដីស្រុកស្ទឹងត្រង់ ។
លោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ន់ អធិការនគរបាលស្រុកចម្ការលើ ថ្លែងថា ៖បុរសរូបនេះឈ្មោះ ឆូយ ធឿន អាយុ២៩ឆ្នាំ ជាប្ដីក្រោយ បានកាប់ប្រពន្ធឈ្មោះ អ៊ិច ចន្ធូ អាយុ២៨ឆ្នាំ នឹងកាំបិតផ្គាក់ ត្រូវចំកនិងដៃ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង ។ ក្រោយពីកាប់ប្រពន្ធស្លាប់ហើយជននេះបានជិះម៉ូតូធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១២ ដើម្បីគេចខ្លួនពីការតាមចាប់របស់កម្លាំងសមត្ថកិច្ច ។
លោកអធិការថ្លែងទៀតថា៖ មូលហេតុនៃការកាប់ប្រពន្ធនេះ គឺបន្ទាប់ពីពួកគេទាំង២នាក់បានព្រមព្រៀងលែងលះគ្នាវិញ តែដោយដឹងថាប្រពន្ធខ្លួននឹងទៅយកប្តីដើមវិញ ក៏បានអន្ទងហៅផឹកស៊ីរួចឆក់មានឱកាសកាប់សម្លាប់តែម្ដង ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចខេត្ត សហការជាមួយកម្លាំងសមត្ថកិច្ចស្រុក បានចុះស្រាវជ្រាវដល់ទីកន្លែងនិងតាមចាប់ទាំងយប់ ។ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង៩និង៧នាទី ទើបកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកចម្ការលើ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌស្រុកស្ទឹងត្រង់ ព្រមទាំងកម្លាំងព្រហ្មទណ្ឌខេត្ត ឃាត់ខ្លួនជនសង្ស័យបាននៅចំណុចសាលាបឋមសិក្សាប៉ប្រក ក្នុងភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់ ។
ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យត្រូវបាននាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ និងបានសារភាពថា ៖ រូបគេពិតជាកាប់ប្រពន្ធមែន ។ ជននេះក៏ត្រូវបានធ្វើតេស្តរកសារធាតុញៀន ហើយជាលទ្ធផលវិជ្ជមានផងដែរ ។
នៅរសៀលថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៤ ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចម្ការលើ ដើម្បីសាកសួរតាមបញ្ជារបស់ឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ។
លោកអធិការ កែវ ស៊ាងហ៊ន់បញ្ជាក់ថា ៖ ស្ត្រីជាប្រពន្ធពុំមានកូនចៅជាមួយប្ដីក្រោយនេះទេ តែជាមួយប្ដីមុនគឺមានកូនម្នាក់ ៕
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91