អតីតអនុប្រធានាធិបតីស៊ីមបាវ៉េ គឺលោក Emmerson Mnangagwa បានជំរុញឲ្យប្រធានាធិបតី រូបឺត មូហ្គាបេ (Robert Mugabe) ចុះចេញពីតំណែង។ អតីតអនុប្រធានាធិបតីរូបនោះ បានធ្វើសេចក្តីថ្លែងពីក្រៅប្រទេសមក ប៉ុន្តែគេពុំបានដឹងពីទីកន្លែងរបស់លោកលាក់ខ្លួនពិតប្រាកដនោះទេ។ នេះបើតាមការចេញផ្សាយរបស់ សារព៌តមានអាមេរិច CNN នៅរសៀលថ្ងៃ អង្គារនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ព្រឹកថ្ងៃអង្គារនេះ លោក Emmerson Mnangagwa បាននិយាយថា គាត់បានបដិសេធត្រឡប់មកប្រទេសស៊ីបាវ៉េវិញ រហូតទាល់តែគាត់ដឹងថាគាត់នឹងមានសុវត្ថិភាព បើទោះបីជាមានការអញ្ជើញពីលោក មូហ្គាបេ ឲ្យគាត់ត្រឡប់មកប្រទេសវិញ ដើម្បីពិភាក្សាបញ្ហានយោបាយប្រទេសក៍ដោយ។
អនុប្រធានាធិបតីរូបនេះ បានថ្លែងថា មានកងសន្តិសុខប្រាប់គាត់ក្នុងខែវិច្ឆការនេះថា មានគំរោងកំចាត់រូបគាត់ចោល នៅពេលគាត់ត្រូវបានគេដកចេញពីតំណែង និងដាក់ឃុំខ្លួន។
លោក Emmerson Mnangagwa ត្រូវបានគេគិតថា បានរត់គេចខ្លួនពីប្រទេសស៊ីមបាវ៉េ ក្រោយពេលលោក ប្រធានាធិបតី មូហ្គាបេ បានបណ្តេញរូបគាត់ចេញពីតំណែងនៅដើមខែនេះ។ ការបណ្តេញរូបគាត់ ធ្វើឲ្យមានវិបត្តិនយោបាយនៅក្នុងប្រទេសដែលនាំឲ្យមានកើតជារដ្ឋប្រហារយោធាកាលពីថ្ងៃពុធសប្តាហ៍មុន។
លោក ថ្លែងថា “ខ្ញុំបានប្រាប់ប្រធានាធិបតីថា ខ្ញុំនឹងមិនត្រឡប់មកប្រទេសវិញទេឥឡូវនេះ រហូតទាល់តែខ្ញុំពេញចិត្តនឹងសន្តិសុខផ្ទាល់ខ្លួនរបស់ខ្ញុំ ដោយសារតែការប្រព្រឹត្តលើខ្ញុំ និងបណ្តេញខ្ញុំចេញ”។
លោក មូហ្គាបេ ដែលបានដឹកនាំប្រទេសអស់ជិត ៤០ឆ្នាំមកហើយ ពុំទាន់បានប្រកាសជាសាធារណៈពីការចុះចេញរបស់លោកនោះទេ បើទោះបីជាមានរដ្ឋប្រហារ និងគណបក្សកាន់អំណាចបានដករូបលោកចេញពីតំណែងប្រធានក៍ដោយ។
ការក្រាញអំណាចរបស់លោក ធ្វើឲ្យមានការផ្ទុះការតវ៉ាយ៉ាងខ្លាំងពីប្រជាពលរដ្ឋស៊ីមបាវ៉េ៕ សុភ័ក្ត្រ