ប្រឡាយលេខ១៥ មានប្រឡាយមេ៖ មានចំនួន ៤ខ្សែ ស្មើនឹង ៣៦,៧៣២គីឡូម៉ែត្រ, ប្រឡាយរងទី២៖ មានចំនួន ១១ខ្សែ ស្មើនឹង ១១,៤០៨គីឡូម៉ែត្រ, ប្រឡាយរងទី៣៖ មានចំនួន ១០ខ្សែ ស្មើនឹង ៨,៦៤៦ គីឡូម៉ែត្រ ដូចនេះប្រឡាយសរុបមានចំនួន៖ ៣៣ ខ្សែ ស្មើនឹង ៥៦,៧៨៦គីឡូម៉ែត្រ។ ជាមួយគ្នានេះក៏មានស្ថានីយបូមទឹក ១កន្លែង បំពាក់ដោយម៉ូទ័របូមទឹកចំនួន ៤គ្រឿង (ស្ថានីយបូមទឹកសាមពុធ) ស្ថិតនៅក្នុងឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។
អត្ថប្រយោជន៍នៃប្រឡាយទាំង ៣៣ខ្សែ៖ គឹនឹងអាចផ្តល់ការស្រោចស្រពលើផ្ទៃដីកសិកម្មចំនួន ១៥ ០០០ ហិកតា និងជាផ្លូវនាវាចរសម្រាប់ប្រជាកសិករ ដឹកទំនិញចេញចូលពីប្រទេសជិតខាង និងនៅក្នុងតំបន់ សម្រាប់ដោះដូរផលិតផល ហើយនៅរដូវប្រាំងក៏អាចធ្វើដំណើរតាមខ្នងប្រឡាយសងខាង ដែលជាកន្លែងសម្រាប់ប្រជានេសាទរកត្រី និងបង្កង ក៏ដូចជាផ្លូវទឹកដល់អ្នកទេសចរលំហែ ចាប់ពីក្រុងដូនកែវរហូតដល់ទន្លេបាសាក់ ។
ប្រព័ន្ធធារាសាស្រ្តប្រឡាយមេ ១៥ មានទីតាំងស្ថិតនៅក្នុងស្រុកអង្គរបុរី ស្រុកទ្រាំង និងក្រុងដូនកែវ ខេត្តតាកែវ ហើយនឹងផ្តល់អត្ថប្រយោជន៍សម្រាប់៖ ប្រជាកសិករ ប្រជានេសាទ អ្នកជំនួញដឹកទំនិញជួញដូរក្នុងស្រុក និងក្រៅស្រុក ព្រមទាំងសហគមន៍កសិករ អាចប្រើប្រាស់ទឹកប្រព័ន្ធធារាសាស្រ្តប្រឡាយលេខ១៥ ។