ខេត្តកំពង់ចាម: ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះបាទនរោត្តមព្រះបរមនាថ នរោត្តមសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៧១យាងចូល៧២ព្រះវស្សាត្រូវបានរៀបចំធ្វើនៅសាលសន្និសីទសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៤ ឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីស្ថាប័នអង្គភាពនានា ជុំវិញខេត្តដែលដឹកនាំដោយឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមអ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត។
នាក្នុងឱកាសនោះឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្ត បានអានសារលិខិតថ្វាយព្រះពរ ដោយមានខ្លឹមសារថា: ក្នុងឱកាសដ៏មហាមង្គលពិសេសវិសាលប្រកបដោយក្តីសោមនស្សរីករាយនៃព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧១យាងចូល៧២ព្រះវស្សា សូមព្រះរាជាអនុញ្ញាតតាំងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ជាកូនចៅសូមព្រះបរមរាជាអនុញ្ញាតលើកហត្ថប្រណម្យ លំអោនកាយវាចាចិត្តក្រាបបង្គំថ្វាយនៅព្រះសព្ទធុការពរជ័យបវរសួស្ដី សិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការប្រកបដោយកតញ្ញូតាធម៌ និងកតវេទីតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះព្រះរាជបញ្ញាញាណឆ្វេងយល់ឈ្លាសវៃនិងព្រះរាជសកម្មភាពដ៏ឧត្តុងឧត្តមថ្លៃថ្លា ប្រកបដោយព្រះគុណធម៌ព្រះមនុស្សធម៌ចំពោះជាតិមាតុភូមិនិងប្រជាជន។
ឯកឧត្តមអភិបាលខេត្តបានបន្តឲ្យដឹងទៀតថា ក្នុងនាមអាជ្ញាធរខេត្តសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកមានទេវតាឆ្នាំថ្មី ទេវតាថែរក្សាព្រះមហាស្វេតឆ្ឆត្រ ព្រះបារមី នៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ប្រោះព្រំនៅទឹកអម្រិតប្រសិទ្ធិពរជ័យបវរសួស្ដីសេរីវឌ្ឍនា ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូងសូមទ្រង់ប្រកបដោយ ព្រះរាជសុខភាពល្អបរិបូណ៌ព្រះបញ្ញាញានកាន់តែភ្លឺថ្លាព្រះកាយពលមាំមួន និងសូមថ្វាយព្រះរាជមហាកុសលចំពោះព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីព្រះអង្គគង់ប្រថាប់នៅក្នុងព្រះមហាសេរីរាជ្យសម្បត្តិ ជាអាយុវឌ្ឍនៈមង្គលមួយដ៏ល្អប្រសើរថ្លៃថ្លានិងជាម្លប់ដ៏ត្រជាក់ របស់ប្រជារាស្រ្តខ្មែរបានយូរអង្វែងរៀងទៅ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី