Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឹតបន្តឹងការអនុវត្តច្បាប់លើអតីតឧកញ៉ា ឡេង ចាន់ណា មេខ្លោងឆបោក និងបក្ខពួក សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រគល់សិទ្ធិពេញសមត្ថភាពជូន លោក គី តិច

រាជធានីភ្នំពេញ ÷ លោក គី តិច ប្រធានក្រុមមេធាវីរបស់រាជរដ្ឋាភិបាល ត្រូវបាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចប្រគល់ភារកិច្ចឱ្យការពារប្រជាពលរដ្ឋ និងធ្វើជាតំណាងប្រជាពលរដ្ឋ នៅក្នុងសំណុំរឿងទាំងឡាយរបស់មេខ្លោងឆបោក អតីតឧកញ៉ា ឡេង ចាន់ណា ដែលកំពុងចាត់ការនៅស្ថាប័នតុលាការខេត្តសៀមរាប។

បើតាមលិខិតប្រទានសិទ្ធិរបស់រាជរដ្ឋាភិបាល លេខ ៤៣ សប្រត ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ហត្ថលេខាដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានខ្លឹមសារថា ប្រទានសិទ្ធិពេញសមត្ថភាពជូន ឯកឧត្តម គី ទិច ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក្នុងការប្រតិបត្តិដឹកនាំរៀបចំចាត់ចែងមេធាវីរាជរដ្ឋាភិបាល ឱ្យបំពេញភារកិច្ចជាមេធាវីតំណាង ការពារសិទ្ធិ និងផលប្រយោជន៍ជូនប្រជាពលរដ្ឋរងគ្រោះពាក់ព័ន្ធជាមួយក្រុមហ៊ុន ប៊្រីល្លាន ស៊ីធី វើលដ៍ ខូ., អិលធីឌី ដែលមានអតីតឧកញ៉ា ឡេង ចាន់ណា ជាប្រធាន, គឺធ្វើជាតំណាង និងការពារសិទ្ធិប្រជាពលរដ្ឋនៅតាមគ្រប់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ និងសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់រហូតដល់សំណុំរឿងត្រូវបានបញ្ចប់ជាស្ថាពរ។

បើតាម សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា ក្រោយពេលដែលឃើញមានផ្សព្វផ្សាយតាមប្រព័ន្ធបណ្ដាញសង្គមអំពីករណីទាមទារសំណងរបស់ប្រជាពលរដ្ឋដែលបានវិនិយោគទៅលើគម្រោងក្រុមហ៊ុន ប្រ៊ីល្លាន ស៊ីធី វើលដ៍ ខូ., អិលធីឌី នៅខេត្តសៀមរាប របស់អតីតឧកញ៉ា ឡេង ចាន់ណា ក្នុងអំឡុងពាក់កណ្តាលខែកុម្ភ: ឆ្នាំ២០២៤ ខ្ញុំបានប្រគល់ភារកិច្ចជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ក៏ដូចជា ជូនឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប និងក្រុមជំនួយការច្បាប់របស់ខ្ញុំ ដើម្បីស្រាវជ្រាវ ក៏ដូចជារិះរកដំណោះស្រាយលើករណីនេះរួចមកហើយ។ តាមការប្រគល់ភារកិច្ចនេះ, ឯកឧត្តម សាយ សំអាល់ បានព្យាយាមធ្វើការសម្របសម្រួលជាមួយក្រុមហ៊ុន ក្នុងគោលបំណងរកដំណោះស្រាយ ជូនប្រជាជនវិញ ទៅតាមលទ្ធភាពដែលអាចទៅបាន និងទៅតាមជំហានដែលអាចធ្វើទៅបាន ប៉ុន្តែ ដំណោះស្រាយតាមវិធីនេះ ពុំអាចធ្វើទៅរួចទេ។

ជាមួយគ្នានេះ, សមត្ថកិច្ចក៏បានធ្វើការស៊ើបអង្កេត និងស្រាវជ្រាវករណី គម្រោងក្រុមហ៊ុន ប្រ៊ីល្លាន ស៊ីធី វើលដ៍ ខូ., អិលធីឌី រកឃើញថា ពុំមានលក្ខណៈដូចជាគម្រោងវិនិយោគអចលនទ្រព្យផ្សេងទៀត ដែលជាគម្រោងវិនិយោគពិតប្រាកដ ហើយជួបការប្រឈមឧបសគ្គជាមួយនឹងបញ្ហានៃការធ្លាក់ចុះទីផ្សារនោះទេ ប៉ុន្តែ ផ្ទុយទៅវិញគម្រោងរបស់ក្រុម ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme តែម្ដង ប្រមូលយកលុយប្រជាពលរដ្ឋរាប់សិបលានដុល្លារ។

បើតាមដីកាបង្គាប់ឱ្យឃុំខ្លួន ចេញដោយ លោក លិ ស៊ីវទាន ជាចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ដើម្បីធានាដល់ការបំពេញកិច្ចស៊ើបសួរបានល្អ ត្រូវបង្គាប់ឱ្យឃុំខ្លួនជនត្រូវចោទឈ្មោះ ឡេង ចាន់ណា ភេទស្រី កើតថ្ងៃទី២៩ ខែសីហា ឆ្នាំ១៩៨៩ ជនជាតិខ្មែរ មុខរបរ ម្ចាស់ក្រុមហ៊ុន ប៊្រីល្លាន ស៊ីធី វើលដ៍ ខូ., អិលធីឌី ទីកន្លែងកំណើតនៅភូមិត្រស់ ឃុំបាល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ កម្រិតវប្បធម៌ថ្នាក់បរិញ្ញាបត្រ ទីលំនៅមុនពេលឃាត់ខ្លួន នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ជាស្ត្រីមេម៉ាយ មានកូន ១នាក់។

ជនត្រូវចោទអ្នកស្រីអតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ត្រូវបានសាលាដំបូងខេត្តសៀមរាប ចោទប្រកាន់ចំនួន ៣ ករណី ៖
១-ឆបោកមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយក្រុមមានការចាត់តាំង),
២-មិនបំពេញកាតព្វឧបករណ៍ដែលជួញដូរ បាន , និង
៣-សម្អាតប្រាក់។ 

នេះជាបទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៨០ កថាខណ្ឌ១ ចំណុច៥ នៃក្រមព្រហ្មទណ្ឌ និងបទសម្អាតប្រាក់, ប្រព្រឹត្តនៅខេត្តសៀមរាប និងទីតាំងផ្សេងទៀតក្នុងប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម, ដូច្នេះ បង្គាប់ឱ្យ លោកប្រធានពន្ធនាគារខេត្តសៀមរាប ឃុំខ្លួនឈ្មោះខាងលើនេះជាបណ្តោះអាសន្ន ឱ្យបានសម្រេចតាមដីកាបង្គាប់នេះ ។

ចំណាត់ការផ្លូវច្បាប់នេះ បង្ហាញថា អ្នកណាប្រព្រឹត្តខុស គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

×