Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទាល់តែជនល្មើសសារភាព ទើបដឹងថា ទឹកដីខណ្ឌដង្កោ ជាជង្រុកសំបុកចោរដ៏សម្បើម មិននឹកស្មានថា លោកអធិការបណ្ដោយដល់ម៉្លឹងសោះ !

រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជន ឱ្យបានជ្រាបថា ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានបើកប្រតិបត្តិការបង្ក្រាបករណីកាប់ប្លន់ក្នុងទឹកដីខណ្ឌដង្កោ និងឈានដល់បំបែកសំបុកទីតាំងបញ្ចាំខុសច្បាប់ នៅទឹកដីខណ្ឌទួលគោក រកឃើញម៉ូតូមិនមានឯកសារច្រើនគ្រឿង, ផ្លាកលេខ៦០ផ្លាក និងកាតគ្រីមួយចំនួនទៀត។

សូមរំលឹកថា ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២៤៖៥០នាទី មានករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ម៉ាក HONDA C125 ពណ៌ខ្មៅ ឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1JV-3592 ជនរងគ្រោះឈ្មោះ បឿន ដេវីត នៅចំណុចភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ម៉ោងប្រហែល១៖៣០នាទី ជនសង្ស័យមានគ្នា៣នាក់ បានជិះម៉ូតូ ២គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ ចំកណ្ដាលខ្នងចំនួនមួយកាំបិត (តែមិនមុត) បណ្តាលឱ្យដួលម៉ូតូ ហើយពួកគេបានស្ទុះមកកាប់បន្ថែមទៀត រួចលើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។

ក្រោយពីទទួលបានព័ត៌មានករណីលួចមានស្ថានទម្ងន់ទោស កាប់ប្លន់យកម៉ូតូ ខាងលើ គឺនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លោកប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឧត្តមសេនីយ៍ឯក ង៉េង ជួ បានចាត់កម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំធ្វើការស្រាវជ្រាវ និងស៊ើបអង្កេត ជាលទ្ធផលឈានដល់កំណត់បានមុខសញ្ញាធ្វើសកម្មភាព និងទីតាំងយកម៉ូតូទៅលក់ (ទីតាំងបញ្ចាំ និងទទួលផលចោរកម្ម)។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពីចំណុចខាងក្រោយវាំង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាំយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង។

ជនសង្ស័យបានសារភាពថា បក្ខពួករបស់ខ្លួនមានគ្នា ៩នាក់ បានធ្វើសកម្មភាព វាយកាប់ប្លន់យកម៉ូតូ និងឆក់ទូរស័ព្ទដៃពីជនរងគ្រោះនៅភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។ បច្ចុប្បន្នកម្លាំងនគរបាល នៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បាននាំខ្លួន ជនសង្ស័យ ៦នាក់ ចាត់ការតាមនីតិវិធី , នៅសល់ ៣នាក់ទៀត កំពុងដើរធ្វើសកម្មភាពនៅក្នុងក្រុងតាខ្មៅខេត្តកណ្តាល និងទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ។

ដោយមានការចង្អុលបង្ហាញរបស់ជនសង្ស័យខាងលើ កម្លាំងជំនាញនាយដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនបក្ខពួក របស់ជនសង្ស័យបាន ៣នាក់បន្ថែមទៀតហើយ សរុបទាំងអស់ ៩នាក់, ពួកគេបានសារភាពដូចៗគ្នាថា ក្រុមបក្ខពួកខ្លួនបានធ្វើសកម្មភាពវាយកាប់ប្លន់ យកម៉ូតូបាន ៣គ្រឿង និងឆក់ទូរស័ព្ទដៃពីជនរងគ្រោះ នៅភូមិសាស្ត្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ប្រាកដមែន។ បន្ទាប់ពីធ្វើសកម្មភាពប្លន់បានម៉ូតូខាងលើរួច ឈ្មោះ សុខ សំណាង បានយកទៅលក់ឱ្យជនមិនស្គាល់អត្តសញ្ញាណ នៅម្តុំឃ្លាំរំសេវ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ជនសង្ស័យ ឈ្មោះ សុខ សំណាង បានចង្អុលបង្ហាញមុខសញ្ញាជនសង្ស័យទទួលទិញម៉ូតូខាងលើពីខ្លួនត្រង់ចំណុចម្តុំឃ្លាំរំសេវ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ សុង សេរី ភេទប្រុស អាយុ៤៣ឆ្នាំ មានអាសយដ្ឋាន ផ្ទះជួល បន្ទប់លេខ៩ ផ្លូវលំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបរជាបុគ្គលិកកុងស៊ី ឃ្លាំងលេខ៧ ផ្ទះលេខ៥ ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកមកសាកសួរតាមនីតិវិធី។

បន្ទាប់ពីសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញម៉ូតូចំនួន ៣គ្រឿង ពីឈ្មោះ សុខ សំណាង រួមមាន ៖ ១-ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ចំនួន ១គ្រឿង, ២-ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០២១ ចំនួន ១គ្រឿង , ៣-ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ផលិត ឆ្នាំ២០២៣ ចំនួន ១គ្រឿង , រួចឈ្មោះ សុង សេរី បានយកម៉ូតូខាងលើទៅរក្សាទុកនៅ ឃ្លាំងលេខ៧ ផ្ទះលេខ៥ ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃាត់ខ្លួនបានមនុស្សម្នាក់ទៀតឈ្មោះ ខុន សឿន ដែលពាក់ព័ន្ធនឹងទទួលផលចោរកម្មនេះ។

ដោយមានការដឹកនាំសម្របសម្រួលពីលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញបានធ្វើការឆែកឆេរ ទីតាំងទទួលទិញ និងបញ្ចាំម៉ូតូ ឃ្លាំងលេខ៧ ផ្ទះលេខ៥ ផ្លូវ១៩២ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រកឃើញម៉ូតូមិនមានឯកសារបញ្ជាក់អត្តសញ្ញាណច្បាស់លាស់ជាច្រើនគ្រឿង ផ្លាកលេខ និងកាតគ្រីមួយចំនួនទៀត រួចហើយត្រូវបានដឹកយកមករក្សាទុកនៅនាយដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា ក្នុងករណីជនរងគ្រោះ ដែលធ្លាប់បាត់ម៉ូតូអាចកាន់ឯកសារមកធ្វើការផ្ទៀតផ្ទាត់ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដែលមានទីតាំងនៅក្នុងអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងលេខលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល +855 92 899 919៕ CEN

×