Monday, February 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើសុំឲ្យក្រុមអ្នកផលិតមាតិកានិងរកប្រាក់តាមអនឡាញ (MMO) បញ្ឈប់ការផ្សព្វផ្សាយនូវរូបភាពហិង្សា នៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម

ភ្នំពេញ ៖ ប្រសាសន៍ក្រើនរំលឹកបស់ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ជាថ្មីម្តងទៀត នៅប៉ុន្មានថ្ងៃនេះ, ខ្ញុំបានសង្កេតឃើញថា អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តញសង្គមមួយចំនួនរួមនឹងក្រុមអ្នកផលិតមាតិកានិងរកប្រាក់តាមអនឡាញ (MMO) បានផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី២០ខែឧសភាឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្រ្តា បានមានប្រសាសន៍ថា “ខ្ញុំសូមអំពាវនាវនិងស្នើសុំបងប្អូនបញ្ឈប់ការផ្សព្វផ្សាយនូវរូបភាពហិង្សាទាំងនេះ ព្រោះវាប៉ះពាល់កិត្តិយសនៃសព និងដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែទទួលរងភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន”។

ឯកឧត្តម បានបន្តថា ជាមួយគ្នានេះ ក៏វាបានធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្តនិងអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត ជាពិសេសយុវជននិងកុមារ ករណីពួកគាត់បានប្រទះឃើញរូបភាពទាំងនេះ។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផង។

ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹម និងជឿជាក់ថា បងប្អូនអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុមអ្នកផលិតមាតិកាមួយចំនួន លើកតម្លៃខ្ពស់ក្នុងការគោរពក្រមសីលធម៌ និងអនុវត្តតាមស្តង់ដារប្រតិបត្តិ នៃការផ្សព្វផ្សាយរបស់បណ្តាញសង្គម និងគោរពឯកជនភាពរបស់បុគ្គល! សូមអរគុណ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×