Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាគមអ្នកសារព័ត៌មាន នៃប្រទេសចិន ភ្ជាប់ទំនាក់ទំនងជាមួយក្លិបអ្នកកាសែតកម្ពុជា ដើម្បីធ្វើការរួមគ្នា លើវិស័យសារព័ត៌មាន

ភ្នំពេញ ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចាប់ដៃជាមួយសមាគមអ្នកសារព័ត៌មាន នៃប្រទេសមហាយក្សមួយទៀតហើយនៅថ្ងៃសុក្រនេះ បន្ទាប់ពីក្លិបអ្នកកាសែតកម្ពុជា បានចាប់ដៃគូជាមួយសមាគមអ្នកសារព័ត៌មានបរទេសជាបន្តបន្ទាប់នៅក្នុងតំបន់អាស៊ាន។

លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាត្រូវបានអញ្ជើញទៅប្រទេសចិន ដើម្បីជួបពិភាក្សាការងារលើកទីមួយជាមួយ លោកជំទាវ អ៊ូ សៀ សមាជិកក្រុមបក្សកុម្មុយនីស្តចិន និងជាលេខាធិការនៃលេខាធិការដ្ឋានសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ក្នុងគោលបំណងដើម្បីភ្ជាប់ទំនាក់ទំនងរវាងសមាគមនៃប្រទេសទាំងពីរ។

នៅឯជំនួបព្រឹកថ្ងៃទី៧ ខែមិថុនា នៅទីក្រុងគុនមីង ខេត្តយូណាននៃប្រទេសចិន លោកជំទាវ អ៊ូ សៀ បានថ្លែងថាសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិនធ្វើការជាមួយអ្នកសារព័ត៌មាន១លាន២សែននាក់នៅប្រទេសចិន រីករាយនឹងភ្ជាប់ទំនាក់ទំនងជាមួយក្លិបអ្នកកាសែតកម្ពុជាដើម្បីធ្វើការរួមគ្នាលើវិស័យសារព័ត៌មាន។

លោក ពុយ គា បានជម្រាបជូនភាគីចិនថាក្លិបអ្នកកាសែតកម្ពុជា មានបំណងធ្វើការជាមួយអ្នកសារព័ត៌មានចិនតាមរយៈសមាគមអ្នកសារព័ត៌មានទូទាំងប្រទេសចិន ដើម្បីផ្សព្វផ្សាយព័ត៌មានល្អៗ ដែលអាចជួយជំរុញដល់កំណើនទេសចរណ៍និងទុនវិនិយោគនៅកម្ពុជា ជួយទប់ស្តាត់និងកាត់បន្ថយព័ត៌មានដែលនាំឱ្យមានការភាន់ច្រឡំ ក៏ដូចជាខ្សែភាពយន្ត “No More Bets” ដែលបានចាក់បញ្ចាំងកន្លងមក។

ភ្លាមៗនោះ លោកជំទាវបានជម្រាបលោក ពុយ គា ថាលោកស្រី នឹងដឹកនាំប្រតិភូអ្នកសារព័ត៌មានទូទាំងប្រទេសចិន ទៅកាន់កម្ពុជានៅពេលឆាប់ៗខាងមុខនេះ ដើម្បីចុះហត្ថលេខាភ្ជាប់ទំនាក់ទំនងជាផ្លូវការ ជាមួយក្លិបអ្នកកាសែតកម្ពុជាតែម្តង។

ក្លិបអ្នកកាសែតកម្ពុជាមានសមាជិកជាង៦០០នាក់ មកពីជិត២០០ស្ថាប័ន បានក្លាយជាសមាជិកសហព័ន្ធអ្នកសារព័ត៌មានអាស៊ាន នៅឆ្នាំ២០១៨ ដែលជាសហព័ន្ធសារព័ត៌មានអាស៊ានតែមួយគត់ នៅក្នុងតំបន់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×