Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំណុលសាធារណៈរបស់កម្ពុជា ស្ថិតក្នុងហានិភ័យកម្រិតទាប ខណៈដែលកម្ពុជាជំពាក់ចិនច្រើនជាងគេ

ភ្នំពេញ៖ គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៤នេះ ស្ថានភាពបំណុលសាធារណៈរបស់កម្ពុជា នៅតែត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពអាចគ្រប់គ្រងបាន មានចីរភាព និង ហានិភ័យកម្រិតទាប។ បំណុល​ដែលកម្ពុជាជំពាក់ច្រើនជាងគេ គឺប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងបារាំង។ ​

ទិន្នន័យត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា កម្ពុជា មានសន្និធិបំណុលសាធារណៈសរុប ១១,០៩ ពាន់លានដុល្លារ ក្នុងនោះ បំណុលក្រៅប្រទេសមានដល់ ១១ ពាន់លានដុល្លារ ស្មើនឹង ៩៩,១២ ភាគរយ និងបំណុលក្នុងស្រុកមាន ៩៨លានដុល្លារ។​

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ក្នុងចំណោមបំណុលក្រៅប្រទេសទាំងនេះ គឺមានប្រមាណ ៦៤ភាគរយ ជាកម្ចីក្នុងក្របខ័ណ្ឌទ្វេភាគី។ ថវិកាដែលប្រមូលបាន តាមរយៈកម្ចីក្នុង និងក្រៅស្រុក រដ្ឋាភិបាល យកទៅអភិវឌ្ឍន៍វិស័យ​​អាទិភាពនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ។

បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងឆ្នាំ២០២៤នេះ រដ្ឋាភិបាលកម្ពុជា មានតម្រូវការហិរញ្ញប្បទាន ក្នុងទំហំ ៤,៧០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)។ ទំហំនេះ នឹងត្រូវបានគាំទ្រហិរញ្ញប្បទានក្នុងប្រទេស តាមរយៈការបោះផ្សាយមូលបត្ររដ្ឋចំនួន ១០៨លានដុល្លារ និងហិរញ្ញប្បទាន(កម្ចី)ក្រៅប្រទេស ក្នុងទំហំ៤,៣៩ភាគរយ នៃផ.ស.ស ស្មើនឹងប្រមាណជាង ២ ០០០លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច។

គួរជម្រាបដែរថា មូលបត្ររដ្ឋត្រូវបានបោះផ្សាយលក់ជាលើកដំបូងនៅឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់៣០០លានដុល្លារ តាមរយៈយន្តការដាក់ដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា។ នៅឆ្នាំ២០២៣ តាមរយៈច្បាប់ថវិកាជាតិ រាជរដ្ឋាភិបាល បោះផ្សាយលក់មូលបត្ររដ្ឋចំនួន ២០០លានដុល្លារអាម៉េរិក។ សម្រាប់ឆ្នាំ២០២៤ គឺជាឆ្នាំទី៣ហើយ ដែលរដ្ឋសម្រេចបោះលក់មូលបត្រនេះក្នុងទំហំទឹកប្រាក់១០៨លានដុល្លារ៕

×