Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រាប់ថា កម្លាំងនគរបាលយុត្តិធម៌ប្រមូលភ័ស្ដុតាងដាក់បន្ទុក ជនដៃដល់ ឧកញ៉ា ស្រី ស៉ីណា ឱ្យបានតឹងរ៉ឹងបំផុត !

រាជធានីភ្នំពេញ ÷ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ដល់បណ្ដាញអ្នកសារព័ត៌មានថា សំណុំរឿងឃាតកម្មបាញ់សម្លាប់មនុស្ស នៅផ្ទះល្វែងបុរីប៉េងហួត ដែលបង្កឡើដោយជនដៃដល់ ឧកញ៉ា ស្រី ស៉ីណា ពេលនេះនគរបាលយុត្តិធម៌ កំពុងធ្វើនីតិវិធីតាមជំនាញ កសាងសំណុំរឿង ប្រមូលសាក្សី និងភ័ស្ដុតាងបន្ថែមទៀត ដើម្បីដាក់បន្ទុកជនដៃដល់ ពីបទ «មនុស្សឃាតដោយចេតនា គិតទុកជាមុន» ឱ្យបានតឹងរ៉ឹងបំផុត។

សូមរំលឹកថា ហេតុការណ៍បាញ់ប្រហារសម្លាប់មនុស្ស ដែលជនដៃដល់ធ្វើឡើងប្រៀបដូចមនុស្សព្រៃនេះ កើតឡើងនៅឯផ្ទះល្វែងទំនើប លេខ២៦ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ វេលាម៉ោងជាង ៣ រសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ គឺប្រព្រឹត្តក្នុងផ្ទះជនរងគ្រោះ ជាផ្ទះធ្វើសេវាកម្មថតរូប ផ្ដិតរូប រចនារូបស្អាតៗជូនអតិថិជន។

បើតាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ធ្វើសកម្មភាពបាញ់ប្រហាររួច ខ្មាន់កាំភ្លើងត្រូវបានកម្លាំងនគរបាលស្ទាក់ ឃាត់ចាប់ខ្លួនបាន នៅក្នុងទឹកដីស្រុកអង្គស្នួល ខេត្តកណ្ដាល, ហើយភ្លាមនោះ បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់មួយចំណុចទៀតនោះ ជនដៃដល់ប្រដាប់អាវុធ មានងារ ជាឧកញ៉ា ឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ និងជាពូជពង្សសែស្រឡាយរបស់ត្រកូល ” ស្រី ” ដែលមានងារជា ” ឧកញ៉ា ” ជាច្រើនទៀត។ ជនដៃដល់ ឧកញ៉ា ស្រី ស៊ីណា ជាជនជាតិខ្មែរ ស្នាក់នៅផ្ទះ លេខ៤៤ ផ្លូវ៣៩០ ភូមិ១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជាមួយនឹងការឃាត់ខ្លួន ឧកញ៉ា ស្រី ស៉ីណា ជនដៃល្មោភបាញ់សម្លាប់មនុស្សនេះ កម្លាំងនគរបាលដកហូតបានរថយន្ដ១គ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BL-9923 និងកាំភ្លើងខ្លី១ ជាអាវុធធ្វើសកម្មភាពបាញ់សម្លាប់។ ក្រៅពីជនដៃដល់ដែលជាអ្នកធ្វើសកម្មភាពផ្ទាល់ កម្លាំងនគរបាលក៏បានឃាត់ខ្លួនមនុស្សពាក់ព័ន្ធជាច្រើននាក់ ទៀតផងដែរ ជាពិសេសស្ត្រីដែលអះអាងថា ជាអ្នកជួលជួលផ្ទះ ឧកញ៉ា ស្រី ស៊ីណា ពីរនាក់ម្ដាយ និងកូន។ 

ងាកមកមើលជនរងគ្រោះវិញ មានចំនួន ៤នាក់ ក្នុងនោះ បុរស-ស្ត្រី ជាគូដណ្ដឹងនឹងគ្នា ២នាក់ បានស្លាប់ដោយគ្រាប់កាំភ្លើងបាញ់ទម្លុះរាងកាយ, ពួកគេត្រៀមចូលរោងការនៅអំឡុង ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ
និងបុរសវ័យក្មេង ២នាក់ទៀត រងរបួសស្រាល ជាសហការីរួមការងារ និងជាសាច់ញាតិជាមួយនឹងជនរងគ្រោះស្លាប់បាត់បង់ជីវិតផងដែរ។

ជនរងគ្រោះ រួមមាន :
១-ឈ្មោះ ឡុង លីសុង ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើ (ស្លាប់នៅកន្លែងកើតហេតុ),
២-ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ (បានស្លាប់នៅពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ដោយគ្រូពេទ្យបញ្ជាក់ថា ផុតបន្តិចហើយ ឬថា យឺតពេលបន្តិចហើយ)។ វីរភាពរបស់នារីរងគ្រោះ គឺត្រូវបានប្អូនប្រុសដែលជាជនរងគ្រោះដែរនោះ បាននិយាយថា ខណៈពេលបុរសជាគូដណ្ដឹង ត្រូវជនដៃដល់បាញ់ឱ្យដួលខ្ពកហើយ ស្រាប់តែនាងស្ទុះទៅទ្រោបឱបគូដណ្ដឹង ហើយស្រែកថា កុំបាញ់គាត់ , កុំបាញ់គាត់ ដ៏ក្លាហានបំផុត… ប៉ុន្តែទីបំផុត ឃាតករគ្មានមេត្តាធម៌ ក៏បាញ់បន្ថែម ធ្វើនាងក៏ត្រូវស្លាប់ដោយរបៀបនេះទៅ នេះជាវីរភាពមួយបង្ហាញក្ដីស្រឡាញ់ស្នេហាស្មោះស្ម័គ្រ, ហើយថា នៅពេលពិធីបុណ្យបញ្ចប់ទៅ សពអ្នកទាំងពីរនេះ ត្រូវបានឪពុកម្ដាយអនុញ្ញាតឱ្យបញ្ចុះផ្នូររួមគ្នា។
៣-ឈ្មោះ សុខុម ចរណៈ ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ (របួសស្រាល)។
៤-ឈ្មោះ ហុង រិទ្ធារ័ក្ស ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ (របួសស្រាល)។ ពួកគេជាអ្នកប្រកបរបរបើកអាជីវកម្ម សេវាកម្ម ថតរូប ផ្ដិតរូប រចនារូបស្អាតៗជូនអតិថិជន។

នេះជាអំពើមនុស្សជាតិមានស្ថានទម្ងន់ទោស ជនដៃដល់ ឧកញ៉ា ស្រី ស៊ីណា ប្រឈមនឹងការផ្ដន្ទាទោសដាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត, យោងមាត្រា ២០០ រហូតដល់ មាត្រា ២០៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ  CEN

×