កិច្ចប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី Merkel សំដៅបង្កើតសម្ព័ន្ធភាពកាន់អំណាចរួមមានបក្ស៣ នៅអាល្លឺម៉ង់ បានរលាយខ្យុល ជាហេតុបណ្តាលឲ្យអាណត្តិទី៤ សម្រាប់មេដឹកនាំស្ត្រីរូបនេះ ធ្លាក់ក្នុងស្ថានភាពពិបាកធានាបាន ។
នៅថ្ងៃទី២០ វិច្ឆិកា គណបក្សប្រជាធិបតីសេរី (FDP) បានប្រកាសដកថយពីកិច្ចចរចារបង្កើតសម្ព័ន្ធភាពកាន់អំណាច ដោយសារប្រឈមនឹងការខ្វែងគំនិតគ្នា ពុំអាចដោះស្រាយបាន ។ ក្នុងពេលនោះដែរ គណបក្សប្រជាធិបតេយ្យសង្គម (SPD) ដែលធ្លាប់ស្ថិតក្នុងអណត្តិនៃសម្ព័ន្ធភាពកាន់អំណាចលើកមុន ក៏បានបដិសេធលទ្ធភាពបន្តចូលរួមក្នុងសម្ព័ន្ធភាពមាគ៌ាអភិរក្សនោះ ។
ប្រសិនបើពុំអាចរកបានគណបក្សណាមួយជំនួស FDP ទេ អ្នកស្រី Merkel ត្រូវបង្ខំជ្រើសរើសសម្ព័ន្ធភាពបង្កើតរដ្ឋាភិបាលភាគតិច ជាមួយបក្សបៃតង ឬ ទុកឲ្យប្រធានាធិបតីអាល្លឺម៉ង់រៀបចំការបោះឆ្នោតមួយថ្មី ។
ប៉ុន្តែ អ្នកស្រី Merkel បានបង្ហើបប្រាប់ថា អ្នកស្រីគាំទ្រការបោះឆ្នោតសារជាថ្មី ជាជាងបង្កើតសម្ព័ន្ធភាពភាគតិចមួយនោះ ។
ក្នុងកិច្ចចរចារពីបញ្ហាសម្ព័ន្ធភាព រឿងនាំឲ្យមានជម្លោះជជែកវែកញែក ខ្វែងគំនិតច្រើនបំផុតពីរឿងអន្តោប្រវេសន៍ ៕