ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានសហការជាមួយអង្គការជីអាយហ្សិត នៃរដ្ឋាភិបាលអាល្លឺម៉ង់ (GIZ) និងលេខាធិការដ្ឋានអាស៊ាន រៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ដើម្បីពិភាក្សានិងប្រមូលធាតុចូល សម្រាប់កែលម្អលើសេចក្តីព្រាងក្របខ័ណ្ឌ នៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (National Consultation Workshop on Framework for CLMV Economic Development) កាលពី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សុខ សុភ័ក្ត្រ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ លេខាធិការដ្ឋានអាស៊ាន អង្គការ GIZ ជំនាញការរបស់ក្រុមហ៊ុន Fidelity Ventures of Asia (FVA) និងតំណាងវិស័យឯកជនពាក់ព័ន្ធ។
លោកអនុរដ្ឋលេខាធិការ បានស្វាគមន៍ និងបានជម្រាបជូន អង្គសិក្ខាសាលាអំពីប្រវត្តិ ដែលនាំឱ្យមានការរៀបចំក្របខ័ណ្ឌ សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច CLMV ដោយសារទទួលបានការឯកភាព ពីថ្នាក់ដឹកនាំកំពូលនៅឯកិច្ចប្រជុំកំពូល CLMV លើកទី៨ កាលពីខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ និងទទួលបានការគាំទ្រពីប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការ GIZ សម្រាប់រៀបចំក្របខ័ណ្ឌសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចនេះ។
លោក ក៏បានបានលើកទឹកចិត្តឱ្យអង្គសិក្ខាសាលា លើកឡើងពីបញ្ហាប្រឈមនានា ដែលស្ថាប័នរដ្ឋ និងវិស័យឯកជននៃប្រទេស CLMV កំពុងជួបប្រទះ ស្នើឡើងនូវដំណោះស្រាយនានារួមមាន ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្រួលពាណិជ្ជកម្ម ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ការប្រើប្រាស់បច្ចេកវិទ្យា Blockchain សម្រាប់ពាណិជ្ជកម្ម និងអភិវឌ្ឍន៍ ការពង្រឹងធនធានមនុស្ស រៀបចំលិខិតបទដ្ឋានច្បាប់ ទាក់ទងនឹងពាណិជ្ជកម្មអេឡិចត្រូនិក ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ CLMV ទាំងផ្នែកទន់ និងរឹង ការធ្វើ ឱ្យប្រសើរឡើងនូវខ្សែសង្វាក់តម្លៃតំបន់ និងពិភពលោក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងប្រទេស CLMV និងបង្កើនការនាំចេញទៅក្រៅតំបន់។
ជាមួយគ្នានេះដែរលោក ក៏បានស្នើឱ្យតំណាងអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ចូលរួមក្នុងកិច្ចពិភាក្សា និងផ្តល់ធាតុចូលបន្ថែមទៀត លើសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ច CLMV នេះ ដើម្បីទទួលបានសេចក្តីព្រាង ដែលឆ្លុះបញ្ចាំងពីតថភាពសេដ្ឋកិច្ចរបស់កម្ពុជា ដែលអាចដោះស្រាយបញ្ហាប្រឈម និងទាញយកប្រយោជន៍ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងជាពិសេសដើម្បីក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ តាមការគ្រោងទុក។
បន្ទាប់មក Dr. Suthad Setboonsarng និងក្រុមការងារររបស់ FVA បានធ្វើបទបង្ហាញស្តីពីសេចក្តីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍សេដ្ឋកិច្ច CLMV ដែលលោក និងក្រុមការងារបានរៀបចំឡើង ដោយផ្តោតសំខាន់លើ គម្រាងអាទិភាពដែលគ្រោង នឹងអនុវត្តជំហានដំបូងលើវិស័យសំខាន់ៗ ចំនួន៤ រួមមាន៖ ១-CLMV as Quality Food Hub, ២-Seamless Border, ៣-Tourism, និង ៤-Synchronization of CLMV Payment System ក្នុងចំណោមវិស័យអាទិភាពទាំង៦ ដែលត្រូវបានកំណត់។ តាមការរំពឹងទុក សិក្ខាសាលានឹងទទួលបានធាតុចូល ជាច្រើនពីតំណាងរបស់ស្ថាប័នរដ្ឋ និងវិស័យឯកជន៕ ដោយ ៖ បញ្ញាស័ក្តិ