Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី លើកទឹកចិត្តឱ្យ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងវិស័យឯកជន បន្តធ្វើបច្ចុប្បន្នកម្មប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍ កម្មវិធីសិក្សាថ្មីៗ

រាជធានីភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងសមិទ្ធផលបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាឌីជីថល។

ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងវិស័យអប់រំ, សម្តេចធិបតី ផ្តល់នូវទស្សនៈ និង អនុសាសន៍មួយចំនួន ដើម្បីលើកកម្ពស់វិស័យដ៏មានសារៈសំខាន់នេះ ដូចខាង ក្រោម៖

ទី១. សម្តេចធិបតី លើកទឹកចិត្តឱ្យ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា និងវិស័យឯកជន បន្តធ្វើបច្ចុប្បន្នកម្មប្រព័ន្ធសិក្សាឱ្យកាន់តែល្អប្រសើរ និងអភិវឌ្ឍ កម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និង ជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថល ស្របតាមបរិបទនៃការរីកចម្រើននៃសេដ្ឋ- កិច្ច និងសង្គម ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែងនៃទីផ្សារការងារ និង សាកលភាវូបនីយកម្ម។

ទី២.សម្តេចធិបតី ស្នើឱ្យ ក្រសួងអប់រំ យុវជន និង កីឡា និងក្រសួង-ស្ថាប័នពាក់ព័ន្ធ, ទាំងរដ្ឋ និងឯកជន, ចូលរួមអនុវត្តឱ្យបានដោយប្រសិទ្ធភាពខ្ពស់នូវវិធានការ ដែលបានដាក់ចេញក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដើម្បីទាញយកផលជាអតិបរមាពីការធ្វើបរិវត្តកម្មឌីជីថលនៅ កម្ពុជា។

ទី៣.សម្តេចធិបតី ជំរុញ និងលើកទឹកចិត្តដល់ គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិ-អន្តរជាតិ ដើម្បីធ្វើការសិក្សាស្រាវជ្រាវរួមគ្នា, ដកស្រង់បទពិសោធ និងធ្វើទស្សន- កិច្ចសិក្សាទៅវិញទៅមក ដើម្បីទទួលចំណេះដឹងថ្មីៗ, បទពិសោធជាក់ស្តែង និង ឧត្តមានុវត្តន៍ សំដៅបង្កើនគុណភាពនៃការអប់រំ, ការបណ្តុះបណ្តាល, និងការ សិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ។

ទី៤.សម្តេចធិបតី លើកទឹកចិត្តដល់ គ្រឹះស្ថានឧត្តមសិក្សា បន្តសហការ និងលើកស្ទួយ វិស័យអប់រំ និងការបណ្តុះបណ្តាល ឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់ សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍសមត្ថភាពជា ប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជន សម្រាប់ជាអ្នកបន្តវេន និង ជាសសរទ្រូងដ៏រឹងមាំ សំដៅឈានឆ្ពោះដល់ការសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ជាប្រទេសចំណូលខ្ពស់ ប្រកបដោយអរិយធម៌រុងរឿង។

សម្តេចធិបតី បានថ្លែងថា បណ្តាញសាកលវិទ្យាល័យសាយប័រ មានការចូលរួមពីគ្រឹះស្ថានឧត្ដមសិក្សានានានៅក្នុងប្រទេសកម្ពុជា រួមមាន៖ ១. វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ២. សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៣. សាកលវិទ្យាល័យស្វាយរៀង ៤. សាកលវិទ្យាល័យជាតិបាត់ដំបង ៥. សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ៦. សាកលវិទ្យាល័យភូមិន្ទកសិកម្ម ៧. សាកលវិទ្យាល័យជាតិគ្រប់គ្រង ៨. សាកលវិទ្យាល័យជាស៊ីមកំចាយមារ ៩. សាកលវិទ្យាល័យក្រចេះ ១០. វិទ្យាស្ថានគរុកោសល្យបាត់ដំបង ១១. សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និង ១២. សាកលវិទ្យាល័យអង្គរ ។ កិច្ចការសំខាន់របស់បណ្តាញសាកលវិទ្យាល័យសាយប័រ គឺរៀបចំការសិក្សា និងបង្រៀនតាមប្រព័ន្ធអនឡាញ ឬប្រព័ន្ធឌីជីថល ជាទម្រង់ (Platform) មួយសម្រាប់និស្សិតទាំងអស់អាចចូលរួមទទួលបានចំណេះដឹង និងរៀនតាមប្រព័ន្ធឌីជីថលនេះ ហើយសាកលវិទ្យាល័យដែលពាក់ព័ន្ធនឹងថតជាវីដេអូបង្រៀន និងរៀនផ្សេងទៀតដើម្បីដាក់ចូលទៅក្នុងទម្រង់ (Platform) នោះ។

ក្នុងន័យនេះ ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណងដូចជា៖ ១). បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ ២). ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់នូវថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក ៣). ផ្តល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង ៤). បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់ និងសាកលលោក ។

ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងបញ្ចកោណទី៥ ផ្តោតសំខាន់លើ «បច្ចេកវិទ្យាឌីជីថល» ក៏ដូចជាការឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គមកម្ពុជា ហើយក្រសួងអប់រំ យុវជន និងកីឡា បាន និងកំពុងគាំទ្រយ៉ាងពេញទំហឹងដល់បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ព្រមទាំងគោលដៅក្នុងការចងក្រងសាកលវិទ្យាល័យនានា ដើម្បីដោះស្រាយគម្លាតនៃការអប់រំ និងភាពបត់បែនដល់និស្សិត ស្របតាមនិន្នាការសេដ្ឋកិច្ច និងសង្គមឌីជីថល ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×