បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតនិងខេត្តបន្ទាយមានជ័យបានចាប់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីគំរាមបង្ខំនិងល្បួងដោយប្រើកាវគ្រឿងញៀនអោយក្មេងប្រុស ស្រី១១នាក់ ឲ្យទៅដើរសុំទានគេនៅភូមិ-ក្រុងប៉ោយប៉ែត និងចំណុចផ្លូវស្ពាននៃព្រំដែនកម្ពុជា-ថៃ។
ការបង្ក្រាបធ្វើកាលពីម៉ោង០៧ព្រឹកដល់ថ្ងៃត្រង់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា ៖ ជនសង្ស័យ០២នាក់ ដែលត្រូវឃាត់ខ្លួន ១-ឈ្មោះ ចូច គង់ ភេទស្រី អាយុ៤៤ឆ្នាំ ២-ឈ្មោះ ឈៀង វណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ដែលស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់-ក្រុងប៉ោយប៉ែត។
លោកព្រហ្ម ថេង បានបន្តទៀតថា៖ ក្រោយពីទទួលព័ត៌មានថា មានកុមាររងគ្រោះត្រូវបានជនសង្ស័យទាំងពីរនាក់បង្ខំឲ្យដើរសុំទាននៅតំបន់ប៉ោយប៉ែត និងចំណុចព្រំដែន ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះស្រាវជ្រាវកំណត់មុខសញ្ញាហើយឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ប្រុស.ស្រី ចំនួន០២នាក់ និងរំដោះកុមាររងគ្រោះចំនួន១១នាក់ ក្នុងនោះមានកុមារីម្នាក់។ ជនសង្ស័យនិងជនរងគ្រឡត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យចាត់ការបន្ត។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បាននិយាយថា:យោងចម្លើយបំភ្លឺរបស់កុមាររងគ្រោះទាំង១១នាក់នោះបានរកឃើញថាជនសង្ស័យទាំង០២នាក់នេះ បានបង្ខំនិងល្បួងពួកខ្លួនឲ្យដើរសុំទានដោយបំបែកគ្នាខ្លះដើរសុំទាន នៅក្នុងផ្សាររុងក្លឿ ប្រទេសថៃ ខ្លះនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងខ្លះទៀតនៅក្នុងបរិវេណកាស៊ីណូផងដែរ។
ជនសង្ស័យបានដាក់កំហិតកំណត់អោយកុមារម្នាក់ៗសុំទានឲ្យបានប្រាក់៥ម៉ឺនរៀលក្នុង១ថ្ងៃ ទើបឲ្យបាយហូប។ បើមិនបានតាមកំណត់ពួកគេបង្អត់បាយដល់កុមាររងគ្រោះឬអាចមានទណ្ឌកម្មផ្សេងទៀត។
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ទៀតថា ពេលកុមាររងគ្រោះសុំទានបានជនសង្ស័យបានទិញកាវឲ្យពួកគេហិតជាប្រចាំ(ថ្នាំញៀន)ហើយដើរដេកតាមសំយ៉ាមផ្ទះរបស់អ្នកស្រុកទៀតផង។ ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានឲ្យកុមាររងគ្រោះទាំងនេះដើរសុំទានជាច្រើនខែមកហើយៗអោយពួកគេហិតកាវគ្រឿងញៀន។វិធីនោះដើម្បីរកលុយបានចាយវាយ ផឹកស៊ីស្រីអូនបង។ បច្ចុប្បន្ន កុមាររងគ្រោះទាំង១១នាក់ ត្រូវបានប្រគល់ទៅឲ្យមន្ទីរសង្គមកិច្ចខេត្ត។ ចំណែកជនសង្ស័យទាំងពីរនាក់ ត្រូវបានអាវុធហត្ថជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ដែរថា ខេត្តបន្ទាយមានជ័យនឹងធ្វើជាម្ចាស់ផ្ទះនៃការប្រារព្ធទិវាជាតិ អន្តរជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៅថ្ងៃទី១២ធ្នូ៕ ដោយ៖ បន្ទាយ