Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដើម្បី​រក្សា​សេ្ថរ​ភាព​ថ្លៃ​ទំនិញ​នៅលើ​ទីផ្សារ តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ មន្ត្រី​ត្រូវ​ពង្រឹងសមត្ថភាព លើ​ព័ត៌មាន​ទីផ្សារ​

​ភ្នំពេញ ​៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម បានប្រកាសថា ក្រៅពី​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ថ្មីៗ ក្រសួង​ពាណិជ្ជកម្ម ក៏​បាន​ធ្វើ​កិច្ច​អន្តរាគមន៍​មួយ​ចំនួន ដើម្បី​រក្សា​សេ្ថរ​ភាព​ថ្លៃ​ទំនិញ​នៅលើ​ទីផ្សារ ជាពិសេស​មុខទំនិញ ដែល​ជា​តម្រូវការ​ប្រើប្រាស់​ប្រចាំថ្ងៃ របស់​ប្រជាពលរដ្ឋ ដូចជា​៖ ស្រូវ អង្ករ ប្រេងឥន្ធនៈ អគ្គិសនី និង​ទឹក​ស្អាត ជាដើម​។​

​ដើម្បី​ពង្រឹង​សមត្ថភាព​មន្ត្រី សំដៅ​ឆ្លើយតប​នឹង​គោលដៅ​សសរ​ស្តមទី​៣ នៃ​អភិក្រម​គ្របដណ្តប់​លើ​វិស័យ​ពាណិជ្ជកម្ម ដែល​ជា​យន្តការ​អភិវឌ្ឍ​ន៍​វិស័យ​ពាណិជ្ជកម្ម​ជាតិ វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ​នៃ​ក្រសួង​ពាណិជ្ជកម្ម ហៅ​កាត់​ថា TTRI បាន​សហការ​ជាមួយ​អង្គការ Friedrich Naumann Foundation for Freedom ប្រទេស​អាល្លឺម៉ង់ រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី ព័ត៌មាន​ទីផ្សារ ដែល​ជា​ប្រធានបទ​សំខាន់ សម្រាប់​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ឯកជន នៅក្នុង​ប្រទេស​កម្ពុជា​។​

​វគ្គ​បណ្តុះបណ្តាល​នេះ ត្រូវបាន​រៀបចំឡើង នា​ព្រឹក​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព លោក សំហេង បូរ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​មាន​ការចូលរួម​ពី​សិក្ខាកាម ដែល​សុទ្ធសឹង​ជា​មន្ត្រី​មកពី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត និង​នាយកដ្ឋាន​ចំណុះ​ក្រោម​ក្រសួង​ពាណិជ្ជកម្ម ចំនួន ៦០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក សំហេង បូរ៉ា បានលើកឡើង​ពី​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ដើម្បី​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា ព្រមទាំង​កិច្ច​ប្រឹងប្រែង​របស់​ក្រសួង​ពាណិជ្ជកម្ម ក្នុង​ការជំរុញ និង​អភិវឌ្ឍន៍​វិស័យ​ឯកជន ជាពិសេស​សហគ្រាស​ធុន​តូច និង​មធ្យម​។​

“​យើង​បាន​ចងក្រង​ជា​សមាគម​ម្រេច​កំពត ស្ករត្នោត​កំពង់ស្ពឺ ដំឡូង​មី ក្រូច​ត្លុង​កោះ​ទ្រង់ និង​ជលផល​សមុទ្រ ហើយ​បច្ចុប្បន្ន ក្រសួង​កំពុង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើការ​ចរចា​ជាមួយ​ភាគី​ចិន​អំពី​អនាម័យ និង​ភូត្ត​គាម​អនាម័យ (SPS) ដើម្បី​សម្រួល​ដល់​ការនាំចេញ​របស់​អាជីវ​ក​រ និង​ពាណិជ្ជករ​កម្ពុជា​ថែម​ទៀត​” លោក សំហេង បូរ៉ា បាន​គូសបញ្ជាក់​។​

​លោក សួន វិជ្ជា ប្រធាន​វិទ្យាស្ថាន TTRI បានលើកឡើង​ពី​លទ្ធផល​ការងារ​របស់​វិទ្យាស្ថាន ជាពិសេស​ការបណ្តុះបណ្តាល​មន្ត្រី​រាជរដ្ឋាភិបាល និង​តំណាង​វិស័យ​ឯកជន ដើម្បី​ចូលរួម​អភិវឌ្ឍន៍​វិស័យ​ពាណិជ្ជកម្ម​ជាតិ ហើយ​ប្រធានបទ​លើក​នេះ គឺ​ដើម្បី​ផ្តល់​ចំណេះដឹង និង​បទពិសោធន៍​ល្អៗ​ជូន​សិក្ខាកាម ទាក់ទិន​ការប្រើប្រាស់​ឧបករណ៍​វិភាគ​ទីផ្សារ​អន្តរជាតិ ITC International Market Analysis Tools ដើម្បី​កំណត់​និន្នាការ​ទីផ្សារ លក្ខខណ្ឌ​ច្រកចូល​ទីផ្សារ ព្រមទាំង​ឱកាស និង​បញ្ហា​ប្រឈម សម្រាប់​ជួយ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម នៅ​កម្ពុជា​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

×