Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គលេខាធិការដ្ឋានរដ្ឋសភា ជូនដំណឹងស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ

ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ រដ្ឋសភាទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម វ៉ាន់មូហាម៉ាត់ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រនិងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ។ អញ្ជើញអមដំណើរ សម្តេចរដ្ឋសភាធិបតី រួមមាន ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃ រដ្ឋសភា លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា លោកជំទាវ និន សាផុន ប្រធាន គណៈកម្មការទី៩ នៃរដ្ឋសភា និងសមាជិករដ្ឋសភាមួយចំនួន ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូបទៀត។

អគ្គលេខាធិការរដ្ឋសភា ឯកឧត្តមឡេង ប៉េងឡុង បានលើកឡើងថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិបតី នឹងចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជីរ៉ាក់ខ្លៅចៅយូហូរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និង សម្តេច ព្រះមហាក្សត្រី សុធីតាឡុងកន នៅព្រះបរមរាជវាំង។ ក៏គ្រោងនឹងអញ្ជើញចូលជួបសម្តែងការគួរសម ឯកឧត្តមសាស្ត្រាចារ្យ វិសេស ផនភេត វិឈិតធុនឆៃ ប្រធានព្រឹទ្ធសភា និងជួបប្រាស្រ័យជាមួយប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមវ៉ាន់មូហាម៉ាត់ណ័រមៈថា ដើម្បីបន្តពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងស្ថាប័ននីតិប្បញ្ញត្តិនៃ ប្រទេសទាំងពីរទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ឱ្យកាន់តែប្រសើរថែមទៀត ក៏ដូចជាបន្តជំរុញបន្ថែម នូវវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និង ស៊ីជម្រៅនៅគ្រប់កម្រិត ទាំងកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាព ក្រុមសមាជិកសភាជាស្ត្រី សមាជិក-សមាជិការដ្ឋសភា និងកម្រិតអគ្គលេខាធិការដ្ឋានរដ្ឋសភានៃរដ្ឋសភាទាំងពីរ។ ទន្ទឹមនឹងនេះ សមភាគី រដ្ឋសភាទាំងពីរនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងរដ្ឋសភា នៃប្រទេសទាំងពីរ កម្ពុជា-ថៃ។

ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជិតខាងភូមិផងរបងជាមួយគ្នារបស់ សម្តេចរដ្ឋសភាធិបតី នៅព្រះរាជាណាចក្រថៃ នាពេលខាងមុខនេះ នឹងជំរុញបន្ថែមនូវទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាតរភាពជាអ្នក ជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាង ប្រទេសទាំងពីរ។ ទំនាក់ទំនងដ៏ល្អរវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា-ថៃ មិនត្រឹមតែជួយលើកកម្ពស់ដល់វិស័យការទូត សភានោះទេ ថែមទាំងចូលរួមចំណែកដល់ការលើកកម្ពស់គ្រប់ទិដ្ឋភាពទាំងអស់ រួមមាន ទំនាក់ទំនងល្អរវាង ប្រជាជននិងប្រជាជន ការធ្វើពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម ដែលនឹងនាំមកនូវ ផលប្រយោជន៍រួម ព្រមទាំងរួមវិភាគទានដល់ការរក្សាបាននូវសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពទាំង ក្នុងនិងក្រៅតំបន់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×