Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉ែន បូណា៖ «យុវជនកើតក្នុងសម័យនេះ មានសំណាងជាងយុវជនជំនាន់មុនឆ្ងាយណាស់»

ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនខ្មែរដែលកើតក្រោយសម័យសង្គ្រាម មានឱកាសនិងអំណោយផលគ្រប់បែបយ៉ាង ក្នុងការសិក្សារៀនសូត្រក្នុងសុខសន្តិភាព និងទទួលបានផ្លែផ្កាពីការអភិវឌ្ឍ ដែលផ្ទុយស្រឡះពីយុវជនកើតក្នុងសម័យសង្គ្រាម ត្រូវរស់នៅឆ្លងកាត់ការរត់គេចពីគ្រាប់ផ្លោង មិនបានរៀនសូត្រ គ្មានចំណីអាហារគ្រប់គ្រាន់ និងរស់ក្នុងភាពភ័យខ្លាចនិងលំបាកលំបិនជាប្រចាំ។

ឯកឧត្តម បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ត្រូវចេះចាប់យកឱកាសដ៏អំណោយផលនេះ កុំទម្រន់ កុំខ្ជិល ឬ Drama ច្រើនពេក ហើយត្រូវខិតខំរៀនសូត្រ ចាប់យកជំនាញវិជ្ជាជីវៈមួយឱ្យច្បាស់ ឱ្យខ្លាំង ឱ្យពូកែ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីក្លាយខ្លួនជាមូលធនមនុស្សពិតប្រាកដ។

ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសដែល ឯកឧត្តម បានចូលរួមផ្តល់បាឋកថា ស្តីពី «ការចូលរួមរបស់យុវជន ដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ដល់និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមជាវាគ្មិនផងដែរពី ឯកឧត្តម តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាអ្នកសម្របសម្រួលព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសាស្ត្រាចារ្យ គណៈគ្រប់គ្រងសាលា និងនិស្សិតសរុបចំនួនជាង ៤០០ នាក់។

ឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ទម្រាំស្តារប្រទេសឡើងវិញ និងអភិវឌ្ឍដូចសព្វថ្ងៃ ថ្នាក់ដឹកនាំរៀមច្បងយើងបានលះបង់ធំធេងណាស់ ដូច្នេះ យុវជនត្រូវខិតខំថែរក្សា សុខសន្តិភាព ស្ថិរភាពសង្គម និងបន្តអភិវឌ្ឍន៍ទៅមុខ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមិនអនុញ្ញាតឱ្យប្រទេសវិលថយក្រោយទៅរកអតីតកាលវិញជាដាច់ខាត៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×