ក្រុមអ្នកប្រមាញ់មាសនៅរុស្ស៊ី បានប្រទះឃើញថ្មមួយដុំពណ៌លឿង ហើយពួកគេគិតថា វាជាលោហៈមានតម្លៃ ប៉ុន្តែពេលនាំយកមកឲ្យអ្នកឯកទេសពិនិត្យមើល ទើបដឹងថាវាមានតម្លៃថ្លៃជាងត្បូងពេជ្រទៅទៀត ហើយពុំធ្លាប់ឃើញមានលើភពផែនដីទេ ។
ថ្មដែលមានតម្លៃថ្លៃជាងពេជ្រ រកឃើញនៅស៊ីប៊ីរី រុស្ស៊ី ។
តាមសារព័ត៌មាន Science Alert ដុំថ្មនេះមានប្រភពមកពីលំហអវកាស ហើយវាផ្តុកសារធាតុម្យ៉ាងរឹងជាងត្បូងពេជ្រទៅទៀត ។ ក្រុមអ្នកវិទ្យាសាស្ត្របានដាក់ឈ្មោះអង្គធាតុនោះថា Uakitite (យកឈ្មោះតំបន់ Uakit Siberia -កន្លែងដែលដុំអាចម៍ផ្កាយនេះធ្លាក់ចុះ) ។
Boris Shustov នាយកវិទ្យាស្ថានតារាសាស្ត្រ នៃបណ្ឌិតសភា វិទ្យាសាស្ត្ររុស្ស៊ី ឲ្យដឹងថា ការរកឃើញអង្គធាតុថ្មីក្នុងដុំអាចម៍ផ្កាយជារឿងកើតមានធម្មតាទេ ព្រោះតែវាត្រូវបានកកើតឡើងក្នុងលក្ខខណ្ឌខុសពីភពផែនដី ។ លោកពោលថា ៖ “នេះជាបាតុភូតច្រើនប្រទះ ព្រោះអង្គធាតុខ្លះកកើតឡើងក្នុងចក្រវាឡ តាមលក្ខខណ្ឌផ្សេងពីផែនដី១ ។
ការវិភាគដុំអាចផ្កាយនេះបង្ហាញថា វាមានសមាសធាតុសំខាន់គឺ ដែក ៩៨% ជា Kamacit (សារធាតុចម្រុះរវាង iron-nickel) ក្នុងនោះដែកមានអត្រាដល់ទៅ ៩០% រីឯ ២%ទៀតគឺជាសារធាតុកកើតក្នុងចក្រវាឡ ហើយលើផែនដីនេះពុំមានទេ ។ តាមការប៉ាន់ស្មាន អង្គធាតុនេះកកើតក្នុងលក្ខខណ្ឌក្តៅខ្លាំង គឺជាង ១០០០អង្សារ C ។
បច្ចុប្បន្នអ្នកវិទ្យាសាស្ត្រកំពុងស្វែងយល់បន្ថែមបំណងពង្រីកការយល់ដឹងពីពិភពដទៃក្នុងចក្រវាទ ៕ ចន្ទ្រា