ភ្នំពេញ៖ មន្រ្តីនិយ័តករធានារ៉ាប់រងកម្ពុជា បានជំរុញឲ្យក្រុមហ៊ុនប្រតិបត្តិករនៅក្នុងវិស័យធនារ៉ាប់រង ត្រូវសងសំណងទូទាត់ជូនប្រជាពលរដ្ឋដែលបានទិញធានារ៉ាប់រងរបស់ខ្លួនឲ្យបានឆាប់ ខណៈដែលគាត់ជួបគ្រោះថ្នាក់ ឬហានិភ័យផ្សេងៗ ដែលបានកើតឡើងជាយថាហេតុ។
ឯកឧត្តម ប៊ូ ច័ន្ទភីរ៉ូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងដូចនេះ ក្នុងវេទិកាចែករំលែកព័ត៌មានអំពីបច្ចុប្បន្នភាពនៃទីផ្សារធានារ៉ាប់រងនៅកម្ពុជា ជាមួយក្លិបអ្នកកាសែតកម្ពុជា នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ ក្រោមការសម្របសម្រួលរបស់លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា។
ឯកឧត្តម បានបន្តថា ក្រុមហ៊ុនធានារ៉ាបរងទាំងអស់ ត្រូវបង្កើនទំនុកដល់អតិថិជន កុំឲ្យនៅពេលពួកគាត់ទិញធានារ៉ាប់រងគឺស្រួល ដល់ពេលដែលត្រូវសងសំណងទូទាត់ដល់គាត់វិញ មានភាពលំបាកដល់គាត់នោះ។ ដូច្នេះប្រសិនបើមានក្រុមហ៊ុនធានារ៉ាប់រងណា ដែលមិនដោះស្រាយសំណងដល់គាត់ទេ គឺអតិថិជនអាចមកដាក់ពាក្យប្តឹងដល់កន្លែងនិយ័តករផ្ទាល់ ឬតាមវេបសាយទូរសព្ទដៃអេប ក៏បានដែរ។
អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានបន្ថែមថា វិស័យធានារ៉ាបរង កំពុងបោះជំហានទៅមុខយ៉ាងល្អប្រសើរ បើទោះបីវិស័យនេះនៅមានភាពក្មេងខ្ចីក្នុងបរិបទប្រជាជនកម្ពុជា ខណៈវិស័យធានារ៉ាប់រងក៏នៅបន្តជួបប្រទះនូវបញ្ហាមួយចំនួនផង។ ក៏ប៉ុន្តែអត្រាភាគទានវិស័យធានារ៉ាប់រងនៅក្នុងសេដ្ឋកិច្ចកម្ពុជា មានតែប្រមាណ ១,១១%ប៉ុណ្ណោះ ខណៈការប្រើប្រាស់សេវាធានារ៉ាប់រង គិតជាដង់ស៊ីតេធានារ៉ាប់រងវិញ គឺមានត្រឹមតែ ១៨ដុល្លារ ៧៥សេនប៉ុណ្ណោះ ក្នុងមួយម្នាក់។
ដោយឡែក លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានឲ្យដឹងថា វិស័យធានារ៉ាប់រងនេះ នៅមិនទាន់សូវទទួលបានការចាប់អារម្មណ៍ និងយល់ដឹងពីប្រជាពលរដ្ឋខ្មែរខ្លាំងខ្លានៅឡើយទេ ខណៈវិស័យនេះ ទៀតសោធក៏នៅមានភាពក្មេងខ្ចីថែមទៀតនៅកម្ពុជា ពោលគឺប្រជាពលខ្មែរ នៅមិនទាន់មានការប្រើប្រាស់ឱ្យទូលំទូលាយនៅឡើយ ទោះបីវិស័យមានវត្តមាននៅក្នុងប្រទេសយូរឆ្នាំមកហើយ។ ចំណែកបញ្ហាដែលវិស័យធានារ៉ាប់រងកំពុងជួបប្រទះ គឺ បញ្ហាច្បាប់ ការយល់ដឹង ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងសរុប ៤០ក្រុមហ៊ុន ក្នុងនោះ ក្រុមហ៊ុនធានារ៉ាប់រងប្រភេទទូទៅ, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត, ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូច, ក្រុមហ៊ុនធានារ៉បរង់បន្ត, ក្រុមហ៊ុនជើងសារធានារ៉ាប់រង, ក្រុមហ៊ុនភ្នាក់ងារធានារ៉ាប់រង និងក្រុមហ៊ុនវាយតម្លៃហានិភ័យធានារ៉ាប់រង ខណៈក្រុមហ៊ុនទាំងអស់នេះមានទ្រព្យសកម្មជាង ១ពាន់ ៥០០លានដុល្លារអាម៉េរិក និងមូលនិធិភាគហ៊ុនិកដែលជាដើមទុនជាង ៥០០លានដុល្លារអាម៉េរិក៕