Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចជួយរុះរើលំនៅដ្ឋានពលរដ្ឋ៣ខ្នង គេចចេញពីច្រាំងបាក់ ទៅកន្លែងសុវត្ថិភាព

ត្បូងឃ្មុំ ៖ “គិតរហូតមកដល់ល្ងាចថ្ងៃទី ២៤កក្កដាឆ្នាំ២០២៤ ច្រាំងទន្លេនៅចំណុចទួលគរ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដែលប៉ះពាល់លំនៅឋានពលរដ្ឋ ៣ខ្នងស្មើនឹង៣ម្ចាស់ ត្រូវបានរួសរើទៅកាន់កន្លែងសុវត្ថិភាព ជាមួយនោះមិនមានលំនៅឋានពលរដ្ឋផ្សេងទៀតត្រូវបានយាយីដោយការបាក់ច្រាំងនោះទេច្រាំងដែលបាក់មានបណ្ដោយ៥០ម៉ែត្រនិងបាក់ចូលប្រវែង៥ម៉ែត្រ”នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោកភិន ឈុន មេឃុំទន្លេបិទ។ ជាមួយនោះអាជ្ញាធរកំពុងតែតាមដានជាប់ជាប្រចាំដើម្បីធ្វើយ៉ាងណាឲ្យពលរដ្ឋមានសុវត្ថិភាព។

សូមបញ្ជាក់ថា ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកឡើង និងបាក់ច្រាំងទន្លេ នៅភូមិទួលខ្សាច់ ភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤បានបញ្ជាឳ្យ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះអន្តរាគមន៍ជួយរុះរើជូនប្រជាពលរដ្ឋភ្លាមៗ យកទៅសាងសង់នៅកន្លែងថ្មីឆ្ងាយពីច្រាំងទន្លេនិងមានសុវត្ថិភាព។

ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញ ចុះទៅសួរសុទុក្ខ និងពិនិត្យដោយផ្ទាល់ ជុំវិញផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិបាក់ច្រាំងទន្លេនេះ ។ ជាមួយនឹងការចុះសួរសុខទុក្ខ និងពិនិត្យដោយផ្ទាល់ខាងលើនេះឯកឧត្តមអភិបាលខេត្តក៏បាននែនាំដល់អភិបាលស្រុកត្បូងឃ្មុំ ពិនិត្យលទ្ធភាពជួយដោះស្រាយ ដោយធ្វើយ៉ាងជួយសម្រាល់ទុក្ខលំបាក់ពួកគាត់បានក្នុងគ្រាមានអាសន្ននេះផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានា ក្នុងគ្រាទឹកជំនន់នេះ និងបានក្រើនរំលឹកដល់អាជ្ញាធរ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងគ្រាជួបគ្រោះជំនន់ និងបានណែនាំដល់អាជ្ញាធរ ឱ្យស្រង់ទិន្នន័យផលដំណាំ សន្ទូង ស្រូវ របស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ហើយក៏ត្រូវត្រៀមលក្ខណៈក្នុងការបង្កបង្កើនផលឡើងវិញ។

គួរបញ្ជាក់ថា៖ ប៉ុន្មានឆ្នាំកន្លងមកនេះ ច្រាំងទន្លេបានបាក់ស្រុតចូលទន្លេជាបន្តបន្ទាប់ ដោយគ្រួសារខ្លះបានបង្ខំចិត្តរុះរើលំនៅដ្ឋានចេញ ទៅរស់នៅកន្លែងផ្សេង ខណៈឆ្នាំនេះច្រាំងនៅតែបន្តបាក់ ធ្វើឳ្យមានផ្ទះចំនួន ៣ខ្នងបន្ថែមទៀតត្រូវរុះរើចេញដើម្បីកុំឳ្យមានគ្រោះថ្នាក់ ។

ជាមួយគ្នានោះ ផ្ទះ៣ខ្នង ដែលត្រូវរុះរើចេញនោះ រួមមាន ៖ ១, ឈ្មោះ អេង វណ្ណដា អាយុ ៤១ ឆ្នាំ ប្រពន្ធឈ្មោះ អាន ស្រីពៅ អាយុ ៣៨ ឆ្នាំ មានសមាជិកគ្រួសារ ៦ នាក់ ផ្ទះឈើប្រកដែក ទំហ៊ំ ៥ គុណ ៧ ម៉ែត្រ
២, ឈ្មោះ ចែម សុខឃឿន អាយុ ៥៤ ឆ្នាំ មានសមាជិកគ្រួសារ ៥ នាក់ ផ្ទះឈើ ប្រកដែក ទំហ៊ំ ៤ គុណ ៥ ម៉ែត្រ
និងទី៣, ឈ្មោះ កើត មឿន ភេទស្រីអាយុ ៦៦ ឆ្នាំ មានសមាជិកគ្រួសារ ៦ នាក់ ផ្ទះឈើ ប្រកដែក ទំហ៊ំ ៤ គុណ ៥ ម៉ែត្រ ។ ជាមួយនោះអាជ្ញាធរឃុំទន្លេបិទបានឲ្យមេភូមិទួលគរនិងទួលខ្សាច់បន្តតាមដានមើលស្ថានភាពទឹកទន្លេបើបន្តហក់ឡើងធ្វើឲ្យបាក់បន្ថែមត្រូវតែរាយការណ៍មកឃុំដើម្បីសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំខេត្តក្នុងករណីប៉ះពាល់លំនៅដ្ឋានពលរដ្ឋ៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

×