Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ណែនាំដល់មន្ទីររាជធានី-ខេត្តឱ្យបន្តយកចិត្តទុកដាក់ប្រកបដោយស្មារតីប្រុងប្រយ័ត្ន ទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈក្នុងការរំដោះទឹក ពង្វាងទឹកជំនន់តាមគ្រប់រូបភាព

ភ្នំពេញ ៖ នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំសម្របសម្រួលកិច្ចប្រជុំស្ដីពីការគ្រប់គ្រងទឹកនៅតាមបណ្ដាអាងទឹកនីមួយៗ ក្នុងដែនសមត្ថកិច្ចរបស់មន្ទីររាជធានី-ខេត្ត តាមប្រព័ន្ធវីដេអូហ្សូម(Zoom)។

សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក អគ្គនាយករង ប្រធាននាយកដ្ឋានពាក់ព័ន្ធ មន្ត្រីជំនាញក្រសួង និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមទាំង២៥ រាជធានី-ខេត្ត។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់មន្ទីររាជធានី-ខេត្តឱ្យបន្តយកចិត្តទុកដាក់ប្រកបដោយស្មារតីប្រុងប្រយ័ត្ន ទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈក្នុងការរំដោះទឹក ពង្វាងទឹកជំនន់តាមគ្រប់រូបភាព និងមធ្យោបាយនានា ជាពិសេសបន្តពិនិត្យតាមដានស្ថានភាពទឹកជាប្រចាំនៅតាមអាងទឹកក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីបញ្ចៀសនូវផលប៉ះពាល់ពីហានិភ័យទឹកជំនន់រដូវវស្សាដែលអាចកើតឡើងដោយពុំបានចាត់ចែងទាន់ពេលវេលា និងត្រៀមរក្សាទឹកទុកតាមលក្ខណៈបច្ចេកទេសក្នុងកម្រិត ៥០% នៃបរិមាណទឹកសរុបសម្រាប់ការប្រើប្រាស់នារដូវប្រាំង។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ទីររាជធានី-ខេត្តទាំងអស់សហការឱ្យបានជិតស្និទ្ធជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ក្នុងតំបន់ដែលទទួលរងហានិភ័យពីជំនន់ទឹកភ្លៀង ជួយណែនាំពីការស្នាក់នៅទីទួលសុវត្ថិភាពជាបណ្ដោះអាសន្ន រក្សាការរស់នៅស្អាត ការហូបស្អាត ផឹកស្អាតជាដើម។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ឥទ្ធិពលព្យុះ និងប្រព័ន្ធវិសម្ពាធទាបដែលបានកើតឡើង និងកំពុងស្ថិតលើតំបន់ និងផ្ទៃរងទឹកភ្លៀងរបស់ទន្លេមេគង្គនិងទន្លេសាប ក្នុងប្រទេសថៃ និងប្រទេសឡាវ បានបង្កឱ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើរតែនៅគ្រប់តំបន់ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានបណ្តាលឱ្យទឹកទន្លេមេគង្គ និងស្ទឹងសំខាន់ៗមួយចំនួននៅជុំវិញបឹងទន្លេសាបមានការកើនឡើងជាបន្តបន្ទាប់ រហូតដល់តំបន់មួយចំនួនទឹកឡើងជិតដល់និងលើសពីកម្ពស់ប្រុងប្រយ័ត្នទៀតផង៕ រក្សាសិទ្ធដោយ​៖ សុទ្ធលី

×