ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិ ពី ឧត្តមសេនីយ៍ទោ អេង សាវឿន អត្តលេខ ៣៣៤៥០ នាយនគរបាលថ្នាក់ ឧត្តមសេនីយ៍ ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
គួរបញ្ជាក់ថា នៅដេីមឆ្នាំ ២០២៤ កន្លងមកនេះ លោកឧត្ដមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋានបង្ការនិងពន្លត់អគ្គីភ័យ ក្រសួងមហាផ្ទៃ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទ «ឆបោកប្រាក់ ៥ ម៉ឺនដុល្លារ» ពាក់ព័ន្ធរត់ការចូលក្របខណ្ឌនគរបាលជាតិ ។
នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ម្នាក់ បម្រើការងារនៅនាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤នេះ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៉ើបសួរ ពាក់ព័ន្ធករណីបោកលុយប្រជាពលរដ្ឋជាង៥ម៉ឺនដុល្លារ ដើម្បីរត់ការចូលក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នាយនគរបាលដែលត្រូវបានចាប់ខ្លួននោះ គឺឧត្តមសេនីយ៍ទោ អេង សាវឿន តួនាទីជា អនុប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
អ្នកនាំពាក្យរូបនេះ បានអះអាងថា ការចាប់ខ្លួននេះដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ ចៅក្រមស៉ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ និងទទួលបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលអនុវត្តប្រតិបត្តិការដោយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល។
ក្រោយចាប់ខ្លួន លោកឧត្តមសេនីយ៍ទោ អេង សាវឿន ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី។ នេះបើតាមការគូសបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆិកា។
តែបុគ្គលនេះរត់ការមិនបានសម្រេចហើយមិនអោយលុយជនរងគ្រោះវិញទើបជនរងគ្រោះប្ដឹងសមត្ថកិច្ច ។ បច្ចុប្បន្នឈ្មោះ អេង សាវឿន កំពុងជាប់ពន្ធនាគារនៅឡើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី