Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង និងរិះរកវិធានការស្ទាក់ទឹក សង្គ្រោះផលស្រូវរបស់ប្រជាពលរដ្ឋ នៅខេត្តកំពង់ធំ

កំពង់ធំ ៖ នៅថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ២០២៤​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងមន្ត្រីជំនាញជាច្រើននាក់ បានចុះត្រួតពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនិងរិះរកវិធានការស្ទាក់ទឹក ដើម្បីសង្គ្រោះផលដំណាំស្រូវ របស់ប្រជាកសិករដែលកំពុងទុំ ត្រូវប្រមូលផល តែត្រូវរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់យ៉ាងធ្ងន់ធ្ងរ នៅក្នុងសង្កាត់អូរកន្ធរ ក្រុងស្ទឹងសែន និងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

នៅក្នុងដំណើរបេសកកម្មនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានជួបសំណេះសំណាលជាមួយប្រជាកសិករដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង បន្ទាប់ពីបងប្អូនបានចំណាយថវិកាយ៉ាងច្រើនដើម្បីបង្កបង្កើនផលស្រូវ តែត្រូវទឹកជន់លិចបណ្ដាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។

ក្នុងស្ថានភាពនេះ មន្ដ្រីជំនាញរបស់ក្រសួង ចាប់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ព្រមទាំងមន្ដ្រីកសិកម្មឃុំ រួមជាមួយអាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងដោយប្រើគ្រប់មធ្យោបាយទាំងអស់ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយការខូចខាតដំណាំស្រូវរបស់ប្រជាពលរដ្ឋឱ្យបានជាអតិបរិមាតាមដែលអាចធ្វើទៅបាន។

ជាការកត់សម្គាល់​ ក្នុងដំណើរបេសកកម្មនេះ​ ឯកឧត្តមរដ្ឋមន្ត្រី​ ឌិត​ ទីណា​ បានពិនិត្យលទ្ធភាពដែលរាជរដ្ឋាភិបាលអាចជួយប្រជាកសិករបានពេលជួបហានិភ័យដោយសារគ្រោះធម្មជាតិ និងចូលរួមសហការជាមួយអាជ្ញាធរ​គ្រប់ភាគីពាក់ព័ន្ធក្នុងការជួយទប់ស្កាត់ទឹក ​ដេីម្បីឱ្យប្រជាកសិករអាចច្រូតកាត់ទិន្នផលស្រូវ​។ ម្យ៉ាងវិញទៀតបងប្អូនប្រជាកសិករកំពុងសម្រុកប្រមូលផលស្រូវពីជំនន់ទឹកភ្លៀង ដើម្បីបានផលមួយចំនួន សម្រាលនូវការខូចខាតបាត់បង់ថវិកាបានមួយផ្នែក ទោះបីមិនទាន់ដល់អាយុប្រមូលផលក៏ដោយ​ (ពេលស្រូវដាក់ម្សៅទុំស្លាបសេក)។

គួរបញ្ជាក់ជូនថា ​នៅក្នុងខេត្តកំពង់ធំ ស្រុកកំពង់ស្វាយរងផលប៉ះពាល់ ខូចខាតធ្ងន់ធ្ងរជាងគេគឺប៉ះពាល់ដំណាំស្រូវចំនួន ២០៤៥​ហិកតា និងខូចខា​ត​ចំនួន ​១៦២១​ ហិកតា ខណៈក្រុងស្ទឹងសែន រងផល​ប៉ះពាល់ចំនួន​ ៦៧០ហិកតា និងខូចខាតចំនួន ៩១ហិកតា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×