Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ណែនាំ​ពី​ការអនុវត្ត​ពន្ធ​កាត់​ទុក ចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​បង្កា​រការ​កិបកេង​បន្លំ​ពន្ធ​លើ​ប្រាក់ចំណូល​

​ភ្នំពេញ​ ៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ចេញ​សេចក្តីណែនាំ ស្តីពី​ការអនុវត្ត​ពន្ធ​កាត់​ទុក ក្នុង​ក្របខ័ណ្ឌ នៃ​កិច្ចព្រមព្រៀង​ស្តីពី ការចៀសវៀង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​ពន្ធ​លើ​ប្រាក់ចំណូល​។​

​បើ​យោង​តាម​សេចក្ដីណែនាំ​នៅ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨​នេះ បានបញ្ជាក់​ថា ដើម្បី​សម្រួល​ក្នុង​ការអនុវត្ត​ពន្ធ​កាត់​ទុក ក្នុង​ក្រប​ខ័ណ្ឌ នៃ​កិច្ចព្រមព្រៀង​ស្តីពី ការចៀសវៀង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ ពន្ធ​លើ​ប្រាក់ចំណូល ត្រូវ​ធ្វើ​តាម​ការណែនាំ​ដូចខាងក្រោម​៖ ទី​១៖ អ្នក​ជាប់ពន្ធ​និវាស​ជនកម្ពុជា ត្រូវអនុវត្ត​តាម​វិធី​គណនេយ្យ តាម​ស្តង់ដារ​គណនេយ្យ​អន្តរជាតិ​នៃ​កម្ពុជា លើ​រាល់​ការ​ទូរ​ទាត់​ចំណូល​ជា​ភាគលាភ ការប្រាក់ សួយ​សារ និង​កម្រៃ​សេវា​បច្ចេកទេស ទៅ​អ្នក​ជាប់ពន្ធ​និវាស​ន​ជន​នៃ​រដ្ឋ​ភាគី​នៃ​កិច្ចព្រមព្រៀង​ម្ខាង​ទៀត​។ ការ​ទូរ​ទាត់​ចំណូល​ខាងលើ ត្រូវ​ចាត់ទុក​ថា​បាន​ទូរ​ទាត់ ប្រសិនបើ​បាន​កត់ត្រា​ក្នុង​បញ្ជិកា គណនេយ្យ​របស់​អ្នក​ជាប់ពន្ធ​និវាស​ន​ជនកម្ពុជា ដែល​ជា​ភ្នាក់ងារ​កាត់​ទុក​។ ទី​២៖ តាម​មាត្រា​ស្តីពី​ការចូល​ជា​ធរមាន​នៃ DTA ពន្ធ​កាត់​ទុក​លើ​ភាគ​លាភ ការប្រាក់ សួយ​សារ និង​កម្រៃ សេវា​បច្ចេកទេស ត្រូវ​មាន​ប្រសិទ្ធភាព​អនុវត្ត នៅ​ប្រទេស​ប្រភព នៅពេល​ដែល​ប្រាក់ចំណូល​កើតឡើង នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​មករា ឬ​ថ្ងៃ​បន្ទាប់ ក្នុង​ឆ្នាំ​ប្រតិទិន​បន្ទាប់​ពី​ឆ្នាំ ដែល​កិច្ចព្រមព្រៀង​នេះ ចូល​ជា​ធរមាន​។

សម្រាប់​គោលដៅ​នៃ​ពន្ធ​កាត់​ទុក​លើ​ការបែងចែក​ភាគលាភ ប្រាក់ចំណូល​កើតឡើង​ខាងលើ គឺជា​ប្រាក់​ចំណូល​ដែល​អ្នក​ជាប់ពន្ធ​និវាស​ន​ជន បាន​ទូរ​ទាត់ នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​មករា ឬ​ថ្ងៃ​បន្ទាប់ ក្នុង​ឆ្នាំ​ប្រតិទិន​បន្ទាប់​ពី​ឆ្នាំ​ដែល​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន​។ ទី​៣៖ ការ​ទូរ​ទាត់​ចំណូល​ជា​ភាគលាភ ការប្រាក់ សួយ​សារ និង​កម្រៃ​សេវា​បច្ចេកទេស ត្រូវ​ជាប់ពន្ធ​កាត់​ទុក តាម​មាត្រា​២៦​ថ្មី (​មួយ​) នៃ​ច្បាប់​ស្តីពី​សារពើពន្ធ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប៉ុន្តែ​មិនឲ្យ​លើស​ពី​អត្រា​កំណត់​នៅក្នុង​DTA ដូច​មានចែង​ក្នុង​សេចក្តី​ណែរ​នាំ លេខ ៤០៨៤ អ​ពដ ចុះ​ថ្ងៃ​ទី​២៦ ខែ​មីនា​ឆ្នាំ​២០១៨ ស្តីពី​វិធាន និង​នីតិវិធី​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ស្តីពី​ការចៀសវាង​ការយកពន្ធ​ត្រួតគ្នា និង​ការបង្កា​រការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណួល​។​

​លោក​គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ សង្ឃឹម​ជឿជាក់ថា អ្នក​ជាប់ពន្ធ​និវាស​ន​ជនកម្ពុជា និង​អ្នក​ជាប់ពន្ធ​និវាស​ន​ជន នៃ​រដ្ឋ​ភាគី​ម្ខាង​ទៀត ស្ថាប័នរដ្ឋ និង​អង្គការ​នានា ដែល​ស្ថិត​ក្រោម​វិសាលភាព នៃ​កិច្ចព្រម​ព្រៀង​​នេះ នឹង​យកចិត្តទុកដាក់​ចូលរួម​អនុវត្ត​តាម​ខ្លឹមសារ នៃ​សេចក្តីណែនាំ​នេះ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕ ​ដោយ​៖​កូឡាប​

×