កំពត៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានរំពឹងថា ចំនួនភ្ញៀវទេសចរ អាចនឹងកើនដល់ ២,៥ លាននាក់ក្នុងឆ្នាំ២០២៤នេះ ដោយសារខេត្តកំពត មានសមិទ្ធផលទេសចរណ៍ឯកថ្មីៗប្លែកៗជាច្រើន ដូចជា៖ រូបសំណាកត្រីសេះសមុទ្របាញ់ទឹក និងនាឡិកាធំ៣៥ម៉ែត្រ ខ្ពស់ជាងគេ ជាមួយនិងឆ្នាំ២០២៤នេះ ខេត្តកំពត នឹងធ្វើជាម្ចាស់ផ្ទះនៃពិធីបុណ្យសមុទ្រលើកទី១១ ជុំទី៣ផងនោះ កាន់តែធ្វើឲ្យខេត្តកំពតរិតតែមានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ មកលេងកម្សាន្តច្រើនឡើង ខណៈដែលនៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៤នេះ ខេត្ត ទទួលបានភ្ញៀវទេសចរចំនួន ១,៦លាននាក់។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឲ្យដឹងថា ក្នុងសប្តាហ៍កន្លងទៅ ខេត្តកំពតមានភ្លៀងបានធ្លាក់ជាប់ៗគ្នានៅទូទាំងខេត្ត និន្នាការភ្ញៀវមកលេងកម្សាន្តក្នុងខេត្តកំពត គឺស្ថិតនៅចន្លោះពី ៤ម៉ឺន ទៅជាង ៥ម៉ឺននាក់។
លោក បន្តឱ្យដឹងទៀតថា ភ្ញៀវទេសចរ នៅតែមកសម្រាកលេងកម្សាន្តក្នុងខេត្តជាធម្មតា គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ បើទោះបីជាខេត្តកំពតមានភ្ញៀងធ្លាក់ជាប់ៗគ្នាពេញមួយសប្តាហ៍ក៏ដោយ។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា ក្រោយពីសមិទ្ធផលទេសចរណ៍សំខាន់ៗ បានលេចចេញជារូបរាង មានដូចជា ឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត រូបសំណាកត្រីសេះសមុទ្របាញ់ទឹក ពិសេសនាឡិកាកម្ពស់ ៣៥ម៉ែត្រ ដែលទើបនឹងសាងសង់រួចរាល់នោះ បានធ្វើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិមានការចាប់អារម្មណ៍ និងមកលេងកម្សាន្តជារៀងរាល់ថ្ងៃមិនថាថ្ងៃធម្មតា ឬថ្ងៃចុងសប្តាហ៍នោះទេ។
សូមបញ្ជាក់ថា បើតាមលោកប្រធានមន្ទីរ សម្រាប់និន្នាការភ្ញៀវមកលេងកម្សាន្តក្នុងខេត្តកំពតក្នុងសប្តាហ៍កន្លងទៅ គឺស្ថិតនៅចន្លោះចាប់ពី ៤ម៉ឺន ទៅជាង ៥ម៉ឺននាក់ ក្រោមការដឹកនាំ និងចង្អុលបង្ហាញផ្ទាល់ពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ដែលបានចាត់ទុកវិស័យទេសចរណ៍ជាវិស័យចម្បង និងត្រូវអភិវឌ្ឍន៍មុនគេ ដើម្បីស្រូបទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន ហើយអ្វីដែលសំខាន់នោះ គឺធ្វើយ៉ាងណាឱ្យកំណើនសេដ្ឋកិច្ចរបស់ពលរដ្ឋក្នុងខេត្ត មានការកើនឡើង តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍៕