Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា​ ៖ កម្ចីជាមួយអត្រាការប្រាក់ទាប ក៏ជាតម្រូវការសំខាន់សម្រាប់កសិករ និងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យពួកគាត់អាចពង្រឹងផលិតកម្ម​ឱ្យ​កាន់តែមានប្រសិទ្ធភាព

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមបេសកកម្មវាយតម្លៃពាក់កណ្តាលអណត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (Mid-term Review Mission ADB) សម្រាប់គម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការវាយតម្លៃការងារគម្រោង និងបន្តធ្វើការសហការជិតស្និទ្ធជាមួយគ្នា ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជាស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា​ នីតិកាលទី៧ ជាពិសេសចូលរួមជំរុញសហគមន៍កសិកម្មទំនើប។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គម្រោងអាចពិនិត្យលទ្ធភាពបន្ថែមក្នុងការគាំទ្រដល់មន្ទីរពិសោធន៍ជាតិ ដែលមានសមត្ថភាពត្រួតពិនិត្យគុណភាពផលិតកសិកម្ម និងចំណីអាហារ ដើម្បីធានាសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់។

លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីកសិផលសក្ដានុពលរបស់កម្ពុជា ដូចជា ស្វាយចន្ទី ដំឡូងមី និងស្វាយស្រស់ ដែលគម្រោងអាចពិចារណាជួយគាំទ្រអភិវឌ្ឍ និងពង្រឹងខ្សែច្រវាក់តម្លៃ ចាប់ពីការដាំដុះ​ កែច្នៃ​ រហូតដល់ទីផ្សារ និងនាំចេញ ធ្វើយ៉ាងណា​ឱ្យ​កសិករ និងសហគមន៍កសិកម្មទំនើប​ ទទួលបានផលចំនេញ និងតម្លៃបន្ថែមខ្ពស់។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី កម្ចីជាមួយអត្រាការប្រាក់ទាប ក៏ជាតម្រូវការសំខាន់សម្រាប់កសិករ និងសហគមន៍កសិកម្មទំនើប ដើម្បីជួយឱ្យពួកគាត់អាចពង្រឹងផលិតកម្ម​ឱ្យ​កាន់តែមានប្រសិទ្ធភាព និងអាចទិញផលិតផលកសិកម្មបានទាន់ពេលវេលាសម្រាប់ស្តុកទុកនិងកែច្នៃ ជាជាងលក់ផលិតផលកសិកម្មភ្លាមៗ​ ដែលនាំឱ្យបាត់បង់តម្លៃបន្ថែម។

ភាគីទាំងសងខាង បានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ដោយនឹងពិនិត្យតាមដានរួមគ្នាក្នុងការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាព ដែលអាចផ្តល់ប្រយោជន៍ដល់កសិករពិតប្រាកដ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×