រាជធានីភ្នំពេញ ៖សេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ពាក់ព័ន្ធនឹងការបិទការិយាល័យស្ថានទូតស៊ុយអែត នៅរាជធានីភ្នំពេញ និងប្រកាសទាត់ចោលរាល់ការប៉ុនប៉ងណាមួយធ្វើការបកស្រាយករណីការបិទការិយាល័យស្ថានទូតស៊ុយអែតនេះ សម្រាប់បម្រើឱ្យគោលដៅនយោបាយ។
នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមជម្រាបជូនសាធារណ ជនទាំងអស់ ជ្រាបថាកាលពីខែមីនា ឆ្នាំ២០២៤ ក្រសួងការបរទេសស៊ុយអែត បានជូនដំណឹង ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ អំពីការបិទការិយាល័យស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងបាន បញ្ជាក់ថា រដ្ឋាភិបាលស៊ុយអែតបានសម្រេចដូចខាងលើ ក្រោមហេតុផលនៃការរៀបចំឡើងវិញ នៅចំណុចអាទិភាព (Reprioritizations) ដោយសារត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍន៍ សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
អាស្រ័យដូចបានជម្រាបជូនខាងលើ អ្នកនាំពាក្យ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ សូមប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យ ស្ថានទូតស៊ុយអែត (Sweden Section Office) នៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅ នយោបាយ។
ស្ថានទូតស៊ុយអែតប្រចាំទីក្រុងភ្នំពេញបានប្រកាសតាមហ្វេសប៊ុកនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា ស្ថានទូតនឹងបិទទ្វារជាផ្លូវការចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។ ការប្រកាសលែងដំណើរការការងាររបស់ស្ថានទូតស៊ុយអែតនៅទីក្រុងភ្នំពេញ ធ្វើឡើងតាមការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយកម្ពុជា។
ស្ថានទូតស៊ុយអែតប្រចាំទីក្រុងភ្នំពេញ មានខ្លឹមសារដូច្នេះថា យើងសូមជម្រាបជូនថា ស្ថានទូតស៊ុយអែតការិយាល័យប្រចាំទីក្រុងភ្នំពេញ នឹងត្រូវបិទជាផ្លូវការនិងឈប់ធ្វើការ ពីថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2024 នេះ ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា។
ស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក នឹងបន្តតំណាងឱ្យប្រទេសស៊ុយអែតនៅកម្ពុជា ហើយចាប់តាំងពីថ្ងៃទី 16 ខែសីហា ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជា យោងទៅតាមយុទ្ធសាស្រ្តតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត (Sida – Styrelsen för Internationellt Utvecklingssamarbete) ក្នុងទីក្រុង Stockholm។ ស្ថានកុងស៊ុលស៊ុយអែតប្រចាំទីក្រុងភ្នំពេញនឹងបន្តបើក និងផ្តល់សេវាការទូតមូលដ្ឋានសម្រាប់ពលរដ្ឋស៊ុយអែតនៅកម្ពុជាដដែល។
ការបិទការិយាល័យតំណាងនេះ ក៏មានន័យថាយើងនឹងបិទទំព័រ Facebook របស់យើងផងដែរ។ យើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នា ដែលបានតាមដាននិងប្រាស្រ័យទាក់ទងជាមួយយើងអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
អ្នកអាចបន្តតាមដានស្ថានទូតស៊ុយអែតប្រចាំទីក្រុងបាងកក (Embassy of Sweden in Bangkok) និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងតំបន់ស៊ុយអែត នៅលើ x @SwedeninAP 🇸🇪៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី