Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្ដុះបណ្ដាល​មន្ត្រី​វ័យក្មេង​ពី ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​

​ភ្នំពេញ ​៖ លោក រដ្ឋមន្ត្រី បរិស្ថាន បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​មន្ត្រី​វ័យក្មេង​ចេះ​ប្រែក្លាយ​ឱកាស ដើម្បី​អភិវឌ្ឍ​ខ្លួន និង​ចាប់យក​ការ​បំពាក់បំប៉ន​ស្មារតី និង​គោលជំហរ ដើម្បី​ក្លាយ​ជា​មន្ត្រី​ល្អ និង​មាន​ភាព​ជា​អ្នកដឹកនាំ​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ទីស្តីការ​ក្រសួង​បរិស្ថាន នៅ ថ្ងៃទី​២០ ខែ​សីហា ឆ្នាំ​២០១៨ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្តីពី ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ ជំនាន់​ទី​២ ដើម្បី​ការ​ជម្រុញ និង​លើកស្ទួយ​ការកសាង និង​អភិវឌ្ឍន៍​ធនធានមនុស្ស ដែល​ជា​ធាតុ​ចូល​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។​

​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ ក៏​ជា​ការកសាង និង​ពង្រឹង​សមត្ថភាព​មន្ត្រី​រាជកា​រ​វ័យក្មេង ដែល​បាន​ប្រឡង​ជាប់​ក្រប​ខណ្ឌ​ថ្មី​របស់​ក្រសួង​បរិស្ថាន​ជា​រៀងរាល់ឆ្នាំ ឱ្យមាន​មូលដ្ឋាន​គ្រឹះ ទាំង​ចំណេះដឹង និង​ចំណេះ​ធ្វើ​ការងារ​គ្រប់គ្រង​វិស័យ​បរិស្ថាន ។​

​ជាមួយគ្នានេះ លោក រដ្ឋមន្ត្រី បាន​លើក​ពី​ការធ្វើ​ទំនើបកម្ម​ថ្មី​ក្នុង​អាណត្តិ​ថ្មី​នេះ ធ្វើយ៉ាងណា ដើម្បី​ឆ្លើយតប​នឹង​ការកែទម្រង់​លើ​វិស័យ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សីក្នុង​ការរួមចំណែក​អនុវ​ត្ត​ការងា​ររបស់​ក្រសួង​បរិស្ថាន ជាពិសេស ការសិក្សា​ស្វែងយល់ ក៏ដូចជា​ការអនុវត្ត​ការងារ​លើ​វិស័យ​បរិស្ថាន និង​អភិវឌ្ឍ​ប្រទេស​កម្ពុជា នាពេល​បច្ចុប្បន្ន ក៏ដូចជា​ពេល​អនាគត​ឱ្យ​ទទួលបាន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់​។​

​លោក សឹម យ៉ា​រ៉ែន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បានឱ្យដឹងថា នេះ​ជា​ការបើក​វគ្គ​បណ្តុះ បណ្តាល​ជំនាន់​ទី​២ នៅក្នុង​ឆ្នាំ​២០១៨​នេះ តាមរយៈ​អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ សម្រាប់​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី “​ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ ” (​ជំនាន់​ទី​២) មាន​(​រយៈពេល​២០​ថ្ងៃ​) ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​២០ ខែ​សីហា ដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ដល់​មន្ត្រីរាជការ​ដែល ប្រឡង ក្រប​ខណ្ឌ​ឆ្នាំ​២០១៧ សរុប​ចំនួន​៨០​នាក់ ក្នុង​នោះ​មន្ត្រី​ក្រប​ខណ្ឌ​នៅ​ទីស្ដីការក្រសួង ចំនួន​៤៦ នាក់ មន្ទីរ​បរិស្ថាន​ខេត្ត​២៤​នាក់ និង​មន្ត្រី​ក្រប​ខណ្ឌ​ឧទ្យានុ​រក្ស​ថ្នាក់​កណ្ដាល​ចំនួន​៣៤​នាក់ និង​មាន​ប្រធានបទ​ចម្បង​ចំនួន​០៨ និង​ប្រធានបទ​រង​ចំនួន​៣៧ រួមមាន ៖ គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ រចនាសម្ព័ន្ធ​ក្រសួង និង​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ការងារ​ស្នូល​របស់ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន នាយកដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​របស់​ក្រសួង​បរិស្ថាន ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការអនុវត្ត​ការងារ​នៅក្នុង​ស្ថាប័ន​ប្រកបដោយ​ប្រសិទ្ធភាព​៕ ​ដោយ ​៖ ​កូឡាប​

   

×