Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ពេលក្រសួងសាធារការ និងដឹកជញ្ជូនរឹតបន្តឹងចាប់ឃាត់រថយន្តដឹកលើសទម្ងន់ផាកពិន័យប្រាក់ហើយ ឃាត់រថយន្តទុក១ឆ្នាំនៅស្រុកព្រះស្តេច

ខេត្តព្រៃវែង : ក្រោមការចង្អុលបង្ហាញពីលោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន, លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រមទាំងអនុប្រធានក្រុមការងារចល័តចម្រុះ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានដឹកនាំសមាជិកក្រុមការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ១ ស្ថិតក្នុងឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តសរុបចំនួន ៤គ្រឿង ក្នុងនោះលើសទម្ងន់កម្រិតកំណត់ចំនួន ៣គ្រឿង ប្រភេទរថយន្តភ្លៅ៤ មានបំពាក់ឡូហ្គោ CH បានផ្ទុកទម្ងន់សរុបចន្លោះពី ៣៩តោន ដល់៥០តោន លើសទម្ងន់កម្រិតកំណត់ចាប់ពី ៩-២០តោន គិតជាភាគរយគឺលើសចន្លោះពី ៣០%-៦៧% នៃច្បាប់អនុញ្ញាតត្រូវបានពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ០១ឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

គួរបញ្ជាក់ថា ទម្ងន់ដឹកជញ្ជូនអតិបរមា លើបណ្តាញផ្លូវថ្នល់ តាមប្រភេទយានយន្តដូចជា៖ យានយន្តភ្លៅ ២ ទម្ងន់អនុញ្ញាត ១៦តោន, យានយន្តភ្លៅ ៣ ទម្ងន់អនុញ្ញាត ២៥តោន, យានយន្តភ្លៅ ៤ ទម្ងន់អនុញ្ញាត ៣០តោន, យានយន្តសណ្តោងរ៉ឺម៉ក ឬសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ៥ ទម្ងន់អនុញ្ញាត ៤០តោន និងយានយន្តសណ្តោងរ៉ឺម៉ក ឬសណ្តោងសឺមីរ៉ឺម៉ក ដែលមានភ្លៅ៦ ឡើងទៅ ទម្ងន់អនុញ្ញាត ៤៥តោន។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការ ប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ ដែលនាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ ហើយក្រសួងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕ រក្សាសិទ្ធដោយ ៖ សុំសុវណ្ណគីរី

spot_img
×