Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងឧស្សាហកម្ម បន្តពង្រឹងការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមការងារយេនឌ័រ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ដើម្បីពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្របញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៣-២០២៨។

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តយកចិត្តទុកដាក់ គិតគូរ និងលើកកម្ពស់សមភាពយេនឌ័រ។ បញ្ចកោណទី២ មុំទី២ នៃយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ សម្រាប់កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងនិរន្តរភាព បានផ្តោតលើការបង្កើនប្រសិទ្ធភាពនៃភាគលាភប្រជាសាស្រ្ត ការពង្រឹងភាពធន់ និងការលើកកម្ពស់សមភាពយេនឌ័រ។”

បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានបុគ្គលិក និងថ្នាក់ដឹកនាំជាស្ត្រីចំនួនប្រមាណ៣០% កើនឡើងពីចំនួន១៨% ក្នុងឆ្នាំ២០១៥ ដែលឆ្លុះបញ្ចាំងពីវឌ្ឍនភាពឆ្ពោះទៅរកសមភាពយេនឌ័រនៅក្នុងស្ថាប័នរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា៖ “ក្រសួងបាន និងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងបានបន្តរួមចំណែកលើកកម្ពស់​សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដោយបង្កលក្ខណៈងាយស្រួល និងជំរុញការចូលរួម​របស់ស្ត្រីនៅក្នុងរចនា​សម្ព័ន្ធដឹកនាំរបស់ក្រសួង ក៏ដូចជាក្នុងកម្មវិធីនានា ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។”

ផែនការយុទ្ធសាស្ត្របញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៣-២០២៨ ត្រូវបានរៀបចំឡើង ដោយមានការគាំទ្រពីកម្មវិធី CAPRED នៃរដ្ឋាភិបាលអូស្ត្រាលី និងរួមមានយុទ្ធសាស្រ្តចំនួន៦ សំដៅលើកកម្ពស់សមភាពយេនឌ័រ បង្កើនការចូលរួមរបស់ជនមានពិការភាព និងជំរុញបរិយាបន្នសង្គមនៅក្នុងប្រទេសកម្ពុជា៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×