ភ្នំពេញ៖ បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ធ្វើម្ហូបអាហារ បាយសម្ល វេចនំអន្សម និង នំគមជាដើម ដើម្បីរៀបចំយកទៅប្រគេនព្រះសង្ឃ។
ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះដែរ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសាកល្បង ភ្លក្សនំអន្សម និង នំគមរបស់ខ្មែរ ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ខ្មែរ តាមការបង្ហោះវីដេអូទទួលទាននំអន្សម និងនំគមរបស់ខ្មែរនេះ។ តាមរយៈវីដេអូខ្លីជាង ១នាទី បង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតជប៉ុន លោកឯកអគ្គរាជទូតជប៉ុន អ៊ូអិណុ អាត់ស៊ូស៊ី បានសាកល្បងទទួលទាននំអន្សមជ្រូក អន្សមចេក នំបត់ និងនំគម ដោយបន្ទាប់ពីភ្លក្សរសជាតិនំទាំងនោះរួចហើយ លោក បានលើកឡើងជាភាសាខ្មែរថា «ខ្ញុំចូលចិត្តនំមួយនេះ(នំគម)ជាងគេ»។ លោក អ៊ូអិណុ ក៏បានសួរសំណួរទៅកាន់អ្នកទស្សនាវីដេអូរបស់លោកថា ចំណែកលោក លោកស្រី ចូលចិត្តមួយណាជាង?។
គួរបញ្ជាក់ថា នៅរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋខ្មែរ តែងតែរៀបចំវេច«នំអន្សមជ្រូក អន្សមចេក នំបត់ និងនំគម»។ យោងតាមការឯកសារមួយចំនួន បានឲ្យដឹងថា នំខ្មែរទាំងអស់នេះ មានកំណើតក្នុងសម័យកាលដែលខ្មែរបុរាណគោរពព្រហ្មញសាសនា គឺការគោរពអង្គកាយព្រះសេវៈ តំណាងដោយនំអន្សម និងការគោរពអង្គកាយនាងឧមា តំណាងដោយនំគម និងការគោរពផែនដី តំណាងឲ្យនំបត់៕