Tuesday, September 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការនគរបាលជាតិ ដាក់ចេញទិសដៅ ៧ ចំណុច ស្ដីពី ការប្រើប្រាស់កម្លាំង និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់

រាជធានីភ្នំពេញ : ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ ប្រកាសសេចក្ដីសម្រេចបែងចែកតួនាទីភារកិច្ចអនុប្រធាននាយកដ្ឋាន និងផ្សព្វផ្សាយអនុក្រិត្យស្ដីពីការសុំច្បាប់ និងអនុញ្ញាតច្បាប់ឈប់សម្រាកគ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានលើកឡើង ៧ ចំណុច ស្ដីពី ការប្រើប្រាស់កម្លាំងនគរបាលជាតិ បង្ក្រាបបទល្មើស បង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងការការពារសន្តិសុខសណ្ដាប់ធ្នាប់។ 

១- នាយកដ្ឋានត្រូវរៀបចំផែនការលើការប្រមូលផ្តុំកម្លាំងរាល់ពេលមានបទបញ្ជាបន្ទាន់ពីថ្នាក់ដឹកនាំ
ដោយលើកឡើង ” មន្រ្តីនគរបាលជាតិរបស់នាយកដ្ឋាន រាប់ចាប់ពីអគ្គស្នងការរងរហូតដល់មន្រ្តី០១រូប ស្មើនឹងកម្លាំង០១រូប ត្រូវឆ្លើយតបរាល់សភាពការណ៍ នៅពេលនាយកដ្ឋាន ឬថ្នាក់ដឹកនាំត្រូវការ ” ។

២- រៀបចំផែនការ និងស្នើសុំគោលការណ៍ ធ្វើការបង្ក្រាបការផ្សព្វផ្សាយពាណិជ្ជកម្មល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទតាមយៈ សារតាមទូរស័ព្ទ និងបណ្តាញសង្គមផ្សេងៗ ដោយសហការជាមួយអង្គភាពជំនាញ។

៣- រាល់ស្នាក់ការនៅតាមបណ្តាខេត្តទាំងអស់ ត្រូវរាយការណ៍រាល់សភាពការណ៍ដែលកើតឡើងក្នុងភូមិសាស្រ្តរបស់ខ្លួន ជាចាំបាច់ និងជាប្រចាំ។

៤- ពិនិត្យមើលតម្រូវការវគ្គបំប៉នជំនាញផ្សេងៗសម្រាប់មន្រ្តីក្នុងនាយកដ្ឋាន ដើម្បីស្វែងរកការគាំទ្រពីដៃគូពាក់ព័ន្ធទាំងក្នុង និងក្រៅប្រទេស។

៥- នាយកដ្ឋានត្រូវរៀបចំផែនការ នៃការឈប់សម្រាករបស់មន្រ្តីជៀសវាងការឈប់សម្រាកស្ទួនគ្នា ជាពិសេសច្បាប់ឈប់សម្រាកនៅចុងឆ្នាំដែលបង្កឱ្យខ្វះមន្រ្តីបម្រើការ ព្រមទាំងបូកសរុបចំនួនថ្ងៃឈប់សម្រាកដែលមន្រ្តីស្នើសុំឱ្យបានច្បាស់លាស់។

៦- អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ រាល់ការប្រើប្រាស់កម្លាំង ត្រូវរាយការណ៍មកថ្នាក់ដឹកនាំទៅតាមឋានានុក្រម។

៧- រៀបចំផែនការជាមួយនាយកដ្ឋាន ក្នុងការបែងចែកភារកិច្ចដល់ថ្នាក់អនុនាយកដ្ឋាន នាយ -នាយរងការិយាល័យ ដើម្បីប្តូរវេនប្រចាំការនៅនាយកដ្ឋាន និងស្នាក់ការតាមបណ្តាខេត្ត ក្នុងគោលបំណងដោះស្រាយបញ្ហាកង្វះខាតមន្រ្តីនាពេលបច្ចុប្បន្ន៕ រក្សាសិទ្ធដោយ ៖ ភ្នំប្រុសភ្នំស្រី

spot_img
×