ខេត្តពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា បានដាក់បទបញ្ជាយ៉ាងតឹងរ៉ឹងដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តស្រាវជ្រាវឱ្យបានម៉តចត់ក្នុងការស្វែងរកការកំណត់មុខសញ្ញាជនដៃដល់ (ព្រោះជនដៃដល់ដែលជាឃាតករ មិនមែនធ្លាក់ពីលើមេឃមកទេ)។
រសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ខូយ រីដា អភិបាល នៃអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញនាំយកថវិកា ចំនួន ៦,១០០,០០០ រៀល (ប្រាំមួយលានដប់មុឺនរៀល) ចូលរួមបុណ្យសព ក្មេងស្រី ឈ្មោះ ភឿង ស្រីល័ក្ខណ៍ អាយុ១៦ឆ្នាំ ដែលត្រូវឃាតករ រំលោភ សម្លាប់ កាលពីថ្ងៃទី២៣ ខែឆ្នាំដដែល វេលាម៉ោង០០.០៥នាទីយប់ នៅចំណុចត្រពាំងសម្រែ ក្នុងភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត។
បញ្ជាក់ ៖ ថវិកា ចំនួន ៤លានរៀល ជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជុនតាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត។
ថវិកា ចំនួន ២លានរៀល ជាថវិការដ្ឋបាលខេត្ត និងថវិកាចំនួន ១០មុឺនរៀលទៀត ជាថវិការបស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត។
ក្នុងនោះ ឯកឧត្តម បានដាក់បទបញ្ជាយ៉ាងតឹងរឹងដល់អាជ្ញាធរមានសមត្ថកិច្ច ត្រូវបន្តស្រាវជ្រាវឱ្យបានម៉តចត់ក្នុងការស្វែងរកការកំណត់មុខសញ្ញាជនដៃដល់ (ព្រោះជនដៃដល់ដែលជាឃាតករ មិនមែនធ្លាក់ពីលើមេឃមកទេ) ដូច្នេះ ត្រូវស្រាវជ្រាវឱ្យឃើញដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបុរសម្នាក់ ជាបណ្ដោះអាសន្ន សង្ស័យជាប់ពាក់ព័ន្ធករណីរំលោភសម្លាប់សិស្សវិទ្យាល័យអន្លង់ត្នោតស្រុកក្រគរម្នាក់ ។
ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សេប យ៉ា អាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅបណ្ដោះអាសន្នក្នុងរោងមើលក្របី ក្បែរកន្លែងកើតហេតុ ទីលំនៅបច្ចុប្បន្នភូមិទន្សាយគល់ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
គួររំលឹកថា ៖ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២និង១០នាទី ស្ថិតក្នុងចំណុចត្រពាំងសម្រែ ស្ថិតភូមិខ្លាក្រពើ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធ៍សាត់ មានករណីរំលោភសម្លាប់ក្មេងស្រីម្នាក់ ។
ជនរងគ្រោះ មានអាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩D នៃវិឡាល័យអន្លងត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
តាមការបំភ្លឺរបស់ឈ្មោះ ផេម ផាន អាយុ៦៦ឆ្នាំ ត្រូវជាឪពុកបានប្រាប់អោយដឹងថា ៖ កូនរបស់បានដេញគោទៅឃ្វាលនៅចំណុចខាងលើដូចសព្វមួយដង នៅក្នុងចំការស្វាយចន្ទីចម្ងាយប្រហែល២០០ម៉ែត្រ។ វេលាម៉ោង៥ល្ងាចពុំឃើញកូនដេញគោត្រឡប់មកវិញទេ ដោយមានការសង្ស័យក៏នាំគ្នាទៅរកមើល។ រហូតដល់ម៉ោង១២នឹង១០នាទី ស្រាប់តែប្រទះឃើញសពកូនបានស្លាប់បាត់ទៅហើយ នៅចំណុចចំការសស្វាយចន្ទី បន្ទាប់មកក៏ផ្ដល់ដំណឹងដល់អាជ្ញាធរតែម្ដង។
តាមការពិនិត្យសាកសពរបស់គ្រូពេទ្យកោសល្យវិច្ឆ័យ និង នគរបាលបច្ចេកទេសខេត្ត ឃើញផ្នែកប្រដាប់ភេទរបស់នារីម្នាក់មានដាច់រលាត់និងមានទឹកកាមបុរស ហើយនៅផ្នែកកមានស្នាមរបួសជាំ។
តាមការសន្និដ្ឋានរបស់ជំនាញ សាកសពស្លាប់ដោយអំពើរំលោភសម្លាប់ ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់។
បន្ទាប់ពីធ្វើការស្រាវជ្រាវ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាបណ្ដោះអាសន្ន ដើម្បីសួរនាំ នៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដេីម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី