ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ និងពិធីចុះហត្ថលេខា លើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នយ៍។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨ ដឹកនាំដោយ ឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេស ម៉ាឡេស៊ី និងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាស្ដីពីមិត្តភាព និង សហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដោយអាល់ហ្សេរី និងអ៊ុយរូហ្គាយ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៨
រដ្ឋមន្ត្រីការបរទេសបានពិភាក្សាអំពីកិច្ចខិតខំកសាងសហគមន៍អាស៊ាន និងវឌ្ឍនភាពក្នុងការ សម្រេចបាននូវអាទិភាព និងលទ្ធផលសំខាន់ៗរបស់អាស៊ានសម្រាប់ឆ្នាំ២០២៥ ក្រោមមូលបទ “បរិយាបន្ន និងចីរភាព”។ កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរ អំពីរបាយការណ៍សង្ខេបដោយក្រុមការងារ ភូមិសាស្ត្រសេដ្ឋកិច្ចអាស៊ាន (AGTF) ដែលបានគូសបញ្ជាក់ពីតម្រូវការជាបន្ទាន់សម្រាប់អាស៊ាន ក្នុងការ ឆ្លើយតបជាយុទ្ធសាស្ត្រចំពោះទិដ្ឋភាពភូមិសាស្ត្រសេដ្ឋកិច្ចសកលដ៏ស្មុគស្មាញ។ ក្នុងន័យនេះ កិច្ចប្រជុំ បានចូលរួមក្នុងការអំពាវនាវឱ្យពង្រឹងភាពធន់ក្នុងតំបន់ តាមរយៈការលើកកម្ពស់ពាណិជ្ជកម្មក្នុងអាស៊ាន ការសម្របសម្រួលអន្តរសសរស្ដម្ភក្នុងការរៀបចំគោលនយោបាយ ការចូលរួមពីវិស័យឯកជន និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (FTAs) ជាពិសេសភាពជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយក្នុងតំបន់ (RCEP)។
កិច្ចប្រជុំក៏បានស្វាគមន៍ផងដែរ ចំពោះចំណាប់អារម្មណ៍កាន់តែច្រើនឡើងក្នុងការចូលជាភាគី នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃសន្ធិសញ្ញា TAC ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុង តំបន់ ហើយទន្ទឹងរង់ចាំការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥០ របស់សន្ធិសញ្ញា TAC) នៅឆ្នាំ ២០២៦ ក្រោមភាពជាប្រធានអាស៊ានរបស់ហ្វីលីពីន។ ជាមួយនឹងការអនុម័តនូវគោលការណ៍ ណែនាំ ដើម្បីសម្រួលដល់ការចូលជាសមាជិករបស់ទីម័រឡេស្តក្នុងលិខិតូបករណ៍គតិយុត្តអាស៊ាន។
កិច្ចប្រជុំបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការគាំទ្រទីម័រឡេស្ត ចូលជាសមាជិកពេញសិទ្ធិ របស់អាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅខែតុលា ក្នុងឆ្នាំនេះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការប្រើយន្តការដឹកនាំដោយអាស៊ាន ឱ្យអស់លទ្ធភាពដើម្បីជាវេទិកាគន្លឹះសម្រាប់ការកសាងទំនុកចិត្ត និងការចូលរួមក្នុងន័យស្ថាបនា ជាមួយដៃគូខាងក្រៅ និងភាពបន្ទាន់ក្នុងការជំរុញពាណិជ្ជកម្មក្នុងអាស៊ាន និងសមាហរណកម្មក្នុងតំបន់ ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសតាមរយៈការទាញយកកាលានុវត្តភាពពីវិស័យដែលកំពុងលេចឡើងថ្មីៗ ដូចជា វិស័យឌីជីថលនិងសេដ្ឋកិច្ចបៃតង ខ្សែច្រវាក់ផ្គត់ផ្គង់ និងនវានុវត្តន៍។ ឯកឧត្តមឧបនាយករដ្ឋមន្តី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជួយសម្រួលដល់ទីម័រឡេស្តេចូលជាសមាជិក ពេញសិទ្ធរបស់អាស៊ាន តាមរយៈការកសាងសមត្ថភាព និងការគាំទ្រផ្នែកបច្ចេកទេស ដើម្បីឱ្យ ទីម័រឡេស្តមានលទ្ធភាពរួមចំណែកយ៉ាងសកម្មក្នុងនាមជាសមាជិកទី១១ របស់អាស៊ាន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ចប់ដោយរំលឹកឡើងវិញ ពីការគាំទ្ររបស់កម្ពុជាចំពោះ តួកគីយ៉េក្នុងការក្លាយជាដៃគូសន្ទនាអាស៊ាន ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងទំនាក់ ទំនងខាងក្រៅរបស់អាស៊ាន និងការចូលរួមជាសកលក្នុងការលើកស្ទួយសន្តិភាព ស្ថិរភាព និងវិបុលភាពតំបន់។
នៅក្នុងសម័យប្រជុំចង្អៀត កិច្ចប្រជុំបានពិភាក្សាពីការតាមដានការវាយតម្លៃ និងសេចក្តី សម្រេចចិត្តរបស់ប្រមុខដឹកនាំអាស៊ាន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច (5PC)។ កិច្ចប្រជុំបានបញ្ជាក់សាជាថ្មីពីសារៈសំខាន់នៃមជ្ឈភាព និងសាម្គីភាពអាស៊ាន ក្នុងការពង្រឹង ការឆ្លើយតបរួមរបស់អាស៊ានចំពោះបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក រួមទាំងតាមរយៈការពង្រឹង ការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការ។
ពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)
ក្នុងឱកាសកិច្ចប្រជុំខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសអាស៊ានផ្សេងទៀត បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតូបករណ៍ចូលជាភាគីនៃសន្ធិសញ្ញា TAC ដោយ អាល់ហ្សេរី និងអ៊ុយរូហ្គាយ។ ឯកឧត្តម | Ahmed ATTAF រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី និង ឯកឧត្តម Mario LUBETKIN រដ្ឋមន្ត្រីការបរទេសអ៊ុយរូហ្គាយ បានអះអាងពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគុណតម្លៃនិងគោលការណ៍របស់អាស៊ាន ចំពោះសន្តិសហវិជ្ជមាន ការគោរពគា្នទៅវិញទ និងកិច្ចសហប្រតិបត្តិការមិត្តភាពនៅតំបន់អាស៊ីអាគ្នេយ៍។
កិច្ចប្រជុំទ្វេភាគី ក្នុងឱកាសកិច្ចប្រជុំខាងលើ
មុនពេលចូលរួមកិច្ចប្រជុំអាស៊ាននានាខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលរួម អាហារការងារពេលព្រឹកជាមួយឯកឧត្តម Thongsavanh PHOMVIHANE រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ឯកឧត្តម BUI Thanh Son ឧបនាយករដ្ឋមន្តី និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីពិភាក្សាគ្នាលើការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី៕ រក្សាសិទ្ធដោយ : សុទ្ធលី





