ភ្នំពេញ៖ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ៖អាជីវករលក់ដូរក្នុងផ្សារដើមគ នៅបន្តលក់ដូរធម្មតា មិនមានការរុះរើ និងផ្ទេរពីផ្សារដើមគចាស់ ទៅផ្សារដើមគថ្មីទេ អ្វីដែលជាគោលការណ៍ របស់រដ្ឋបាលរាជធានីភ្នំពេញ គឺធ្វើទៅលើតែអាជីវករ លក់ដូរឥតសណ្តាប់ធ្នាប់ លើចិញ្ចើមផ្លូវ និងទ្រូងផ្លូវប៉ុណ្ណោះ ។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងបែបនេះក្នុងខណៈអញ្ជើញដឹកនាំក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ចុះពិនិត្យសកម្មភាពអនុវត្តគម្រោងរៀបចំកែលម្អចិញ្ចេីមផ្លូវ តាមបណ្ដោយមហាវិថីម៉ៅសេទុង មហាវិថីព្រះមុន្នីរ៉េត ផ្លូវ២៣០ និងតំបន់ជុំវិញពាក់ព័ន្ធ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធជុំវិញនោះ សម្រាប់បម្រេីប្រយោជន៍សាធារណៈជារួមនារសៀលថ្ងៃទី១៨មករា២០២៦។
ក្នុងខណៈនោះដែរឯកឧត្តមអភិបាលរាជធានីភ្នំពេញ ថែមទាំងបានគូសបញ្ជាក់ទៀតថា សម្រាប់អ្នកលក់ដូរនៅក្នុងផ្សាដើមគ កុំព្រួយបារម្ភនៅបន្តការលក់ដូររបស់ខ្លួនដដែលចុះ អាជ្ញាធររៀបចំសណ្តាប់ធ្នាប់ ចំពោះតែអ្នកលក់ដូរតាមចិញ្ចើ មផ្លូវ និងទ្រូងផ្លូវនៅជុំវិញផ្សារដើមគ តែប៉ុណ្ណោះ ។
ទន្ទឹមនឹងនេះ ក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំង គ្រប់ប្រភេទ នឹងបន្តសម្របសម្រួលជាមួយបងប្អូនអាជីវករ ដែលបានលក់ដូរនៅតាមចិញ្ចេីមផ្លូវ និងទ្រូងផ្លូវ នៅតំបន់ជុំវិញផ្សារដើមគ ឱ្យទៅ លក់ដូរនៅផ្សារដេីមគថ្មី ដោយទទួលបានលក្ខខណ្ឌអនុគ្រោះជាច្រេីនរួមមាន ការអនុគ្រោះថ្លៃឈ្នួលតូបរយៈពេល២ឆ្នាំដំបូង ដោយពុំមានប្រាក់កក់ ពុំគិតថ្លៃទឹកភ្លេីងរយៈពេល៦ខែដំបូង ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រេីនទៀត។
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦នេះ អាជ្ញាធររាជធានីភ្នំពេញ បានដំណើរការ ការសំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគ ដោយដំណើរការនេះ ត្រូវបានហាមដាច់ខាត មិនឱ្យអាជីវករដែលធ្លាប់លក់ដូរ តាមចិញ្ចើមផ្លូវ ជាពិសេសលើផ្លូវ ជុំវិញផ្សារដើមគ វិលត្រឡប់មកបន្តលក់ដូរយ៉ាងអណាធិបតេយ្យ ដូចដែលធ្លាប់លក់ដូរពីមុនទៀតឡើយ ។នេះជាការបញ្ជាក់របស់លោកស្រីដោ សម្ផស្ស នាយិការងនិងជាអ្នក នាំពាក្យ រដ្ឋបាលរាជធានីភ្នំពរញនៅព្រឹកថ្ងៃអាទិត្យទី១៨មករា២០២៦។
អ្វីដែលអាជ្ញាធរ កំពុងតែអនុវត្ត ជុំវិញការរៀបចំសណ្តាប់ធ្នាប់ និងស្តារឡើងវិញ នូវសោភ័ណ្ឌភាព ជុំវិញផ្សារដើមគនាពេលនេះ បាននិងកំពុងទទួលបាន ការសាទរយ៉ាងច្រើនលើសលប់ ពីសំណាក់ប្រជាពលរដ្ឋក្នុងតំបន់ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ ។
ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានអំពាវនាវដោយទទូច ឱ្យអាជីវករមួយចំនួនតូចលក់ដូរតាមចិញ្ចើមផ្លូវ និងលើផ្លូវជុំវិញផ្សារដើមគរ ដែលនៅមិនទាន់ទទួលយក នូវការសម្របសម្រួលរបស់អាជ្ញាធររាជធានីភ្នំពេញ សម្រេចមកទទួលយកតាមអ្វីដែលបានព្រមព្រៀងគ្នាទៅ ដើម្បីចូលរួមក្នុងការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក៏ដូចជាការកែលម្អសោភ័ណ្ឌភាពទីក្រុង ស្របទៅនឹងអ្វីដែលរាជធានីភ្នំពេញ ទទួលបានចំណាប់ថ្នាក់ ជាទីក្រុងគោលដៅទេសចរណ៍ល្អបំផុត ក្នុងចំណោមទីក្រុងធំៗទាំង២០ជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៦នេះ ។ ក្នុងការចាប់ផ្ដើមការសំអាតអនាម័យ ជួសជុល និងកែលម្អរហេដ្ឋារចនាសម្ព័ន្ធ នៅលើផ្លូវពាក់ព័ន្ធនានា ជុំវិញផ្សារដើមគនេះនាព្រឹកនេះដោយមានការចូលរួមពីឯកឧត្ដមអភិបាលរងរាជធានីភ្នំពេញជាច្រើនរូបរួមជាមួយលោកនាយករដ្ឋបាលនិងលោក លោកស្រីជានាយករងរដ្ឋបាលរាជធានីភ្នំពេញ,លោកអភិបាលខណ្ឌទួលគោក អភិបាលខណ្ឌបឹងកេងកងផងដែរ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាត ឱ្យមានការលក់ដូរគ្មានសណ្ដាប់ធ្នាប់ នៅលេីដងផ្លូវ ចិញ្ចើមផ្លូវ នៅតំបន់ ជុំវិញផ្សារដើមគទៀតទេ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦តទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី














