Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេដ្ឋកិច្ចកម្ពុជា រំពឹងថា នឹងមានកំណើនក្នុងរង្វង់ ៥,៧៥% នៅឆ្នាំ២០២៥ ដែលបន្តគាំទ្រដោយវិស័យនាំចេញ

ភ្នំពេញ៖ ទោះបីកំណើនសេដ្ឋកិច្ចឆ្នាំ២០២៤នេះ ទាបជាងការរំពឹងទុកពីដើមឆ្នាំក្តី ក៏អ្នកជំនាញសេដ្ឋកិច្ច បានរំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្នុងរង្វង់ ៥,៧៥% សម្រាប់ឆ្នាំ២០២៥ ដែលបន្តគាំទ្រដោយវិស័យបម្រើដល់ការនាំចេញ និងការបន្តរក្សាបានកំណើនល្អនៃវិស័យទេសចរណ៍ និងកសិកម្ម។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការវាយតម្លៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២៤ និង ២០២៥ ជាមួយឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក Kenichiro Kashiwase តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំតំបន់នៅកម្ពុជា, ឡាវ និងវៀតណាម បានជម្រាបជូនពីលទ្ធផលនៃការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាថា ក្នុងឆ្នាំ២០២៤នេះថា កម្ពុជាមានកំណើនប្រមាណ ៥,៥% ដែលគាំទ្រដោយការងើបឡើងវិញលឿនជាងការរំពឹងទុកនៃវិស័យកាត់ដេរ និងវិស័យដឹកជញ្ជូន និងការបន្តចលនានៃវិស័យទេសចរណ៍ និងវិស័យកសិកម្ម ខណៈដែលវិស័យសំណង់-អចលនទ្រព្យនៅបន្តកំណើនទាប។ ​

ប្រធានក្រុមការងារ Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ លោក Kenichiro Kashiwase ក៏លើកទឹកចិត្តដល់ស្ថាប័នសាធារណៈ ក្នុងការបន្តធ្វើឱ្យប្រសើរឡើងនូវការចែករំលែកទិន្នន័យ ក៏ដូចជា បន្តពង្រឹងគុណភាពទិន្នន័យ សំដៅបន្តធ្វើឱ្យការវិភាគ និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចកម្ពុជា កាន់តែមានសុក្រឹតភាព និងមានភាពប្រាកដនិយមខ្ពស់ ក៏ដូចជាលើកកម្ពស់ការតាក់តែង និងរៀបចំគោលនយោបាយឱ្យកាន់តែមានប្រសិទ្ធ ភាពខ្ពស់។ 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការវាយតម្លៃរបស់ក្រុមការងារ Article IV ហើយបានកត់សម្គាល់ឃើញពីសង្គតិភាពនៃលទ្ធផលកំណើនសេដ្ឋកិច្ច  និងស្ថានភាពតាមវិស័យ សំខាន់ៗ ជាពិសេសលើវិស័យជំរុញកំណើនក្នុងឆ្នាំ២០២៤ របស់ក្រុមការងារ និងការគិតគូររបស់រាជរដ្ឋាភិបាល ទោះបីជាទំហំអាចមានភាពខុសគ្នាបន្តិចបន្តួចក៏ដោយ។ ​

ឯកឧត្តម ក៏បានគូសបញ្ជាក់ពីភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចសកល ដែលបន្តជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា ហើយកម្ពុជា ត្រូវខិតខំសម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ៦,០% នៅឆ្នាំ២០២៤ និង ៦,៣% នៅឆ្នាំ២០២៥។

គួរបញ្ជាក់ដែរថា ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៏នៅបន្តហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាខាងក្រៅ រួមមាន៖ កំណើនយឺតនៃសេដ្ឋកិច្ចសកល, ភាពតានតឹងនៃកត្តាភូមិសាស្រ្តសេដ្ឋកិច្ច និងនយោបាយ និងការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិ ជាដើម ប៉ុន្តែជាមួយគ្នានេះក៏មានកាលានុវត្តភាពមួយចំនួនសម្រាប់កម្ពុជាផងដែរ ដូចជា៖ ការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងនិន្នាការល្អនៃសេដ្ឋកិច្ចរបស់ដៃគូពាណិជ្ជ កម្មកម្ពុជានាពេលថ្មីៗនេះ៕

×