រាជធានីភ្នំពេញ៖ ឧត្តមសេនីយ៏ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានលើកឡើងថា វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសប្រចាំឆ្នាំ២០២៤ ដែលបានដំណើរបើកនាពេលនេះ ថាពិតជាបានរួមចំណែកយ៉ាងពិតប្រាកដក្នុងការពង្រឹងធនធានមនុស្ស ជាប្រភពកម្លាំងបន្តវេនក្នុងកងយោធពលខេមរភូមិន្ទ និងបានឆ្លើយតបទៅនឹងកិច្ចការ ការពារជាតិមាតុភូមិរបស់យើងនាពេលបច្ចុប្បន្ន និងទៅអនាគត ។
ថ្លែងក្នុងពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ នៅមូលដ្ឋានកងការពារអាកាស (ទួលត្រាច ) ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានមានប្រសាសន៏ថា៖ថ្វីត្បិតតែបច្ចុប្បន្ន ព្រះជាណាចក្រកម្ពុជាយើងមានសុខសន្តិភាពក៏ពិតមែន តែកងទ័ពត្រូវតែធ្វើការហ្វឹកហ្វឺន និងហ្វឹកហាត់ជាប់ជាប្រចាំ សម្តៅលើកកម្ពស់ សមត្ថភាព ចំណេះដឹង ចំណេះធ្វើ និងជំនាញពិតប្រាកដ ឆ្លើយតបទាន់ពេលវេលាទៅនឹងភារកិច្ចការពារជាតិ ការពារបូរណភាពទឹកដី រក្សាបានភាពសុខសាន្តជូនប្រជាពលរដ្ឋ និងសង្គមជាតិ ។
នៅក្នុងនាមឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានថ្លែងការកោតសរសើរ វាយតំលៃខ្ពស់ និងថ្លែងអំណរចំពោះឯកឧត្តម អស់លោកជាមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះបញ្ជាការដ្ឋានការពារអាកាសទាំងអស់ដែល បានសហការគ្នាជាធ្លុងមួយ ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ដោយអនុវត្តន៏តាមចរាចរណែនាំ ការចង្អុលបង្ហាញពីបញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានការពារអាកាសទទួលបានលទ្ធផលជោគជ័យគួរជាទីមោទន និងមានការទទួលខុសត្រូវខ្ពស់ ។សូមថ្លែងអំណរគុណផងដែរ ចំពោះបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក និងស្ថាប័នពាក់ព័ន្ធ រួមទាំងអង្គភាពសម្ព័ន្ទមេត្រីភាពដែលបានរៀបចំដំណើរការបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសប្រចាំឆ្នាំ២០២៤ បានដំណើរការទៅតាមការគ្រោងទុកនាពេលនេះ ។
ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានគូសបញ្ជាក់ពីលក្ខណះពិសេសនៃជំនាញការពារអាកាស និងតួនាទី ភារកិច្ចកាំភ្លើងការពារអាកាសថា ជាប្រភេទកាំភ្លើងសំរាប់កម្ទេចរាល់គោលដៅសត្រូវទោះនៅលើផ្ទៃអាកាស ផ្ទៃដី និងផ្ទៃទឹក ព្រមទាំងបានគូសបញ្ជាក់ពីយុទ្ធសាស្ត្រ យុទ្ធវិធីនៃជំនាញនេះដែលបណ្តាប្រភេទទ័ពត្រូវខិតខំបង្កើនការហ្វឹកហាត់ ក្នុងន័យសំខាន់លើការងារការពារបូរណភាពទឹកដីបានរឹងមាំ ។
ឧត្តមសេនីយ៍ទោ សុខ ប៉ាង បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវមានភាពម៉ឺងម៉ាត់ តស៊ូពុះពារ ខិតខំរៀនសូត្រ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានសម្រេច
នូវផែនការហ្វឹកហ្វឺន គោរពឲ្យបាននូវបទបញ្ជាផ្ទៃក្នុងវគ្គបានល្អ ត្រូវជំនះឲ្យបាននូវភាពអសកម្មទាំង
ឡាយ ដើម្បីប្រែក្លាយជានាយទាហានដែលមានសមត្ថភាពពេញលេញ ជារបងការពារជាតិរឹងមាំ ។ ចំពោះគ្រូយោធាចារ្យត្រូវយកចិត្តទុកប្រើប្រាស់សមត្ថភាពជំនាញខ្លួនដើម្បីបង្ហាត់បង្រៀនផ្ទេរចំណេះដឹង ចំណេះធ្វើនិងបទពិសោធន៏ល្អៗជូនដល់សិក្ខាកាមងាយយល់ សង្ឍឹមថាពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អ ។
តាមរបាយការណ៏វគ្គហ្វឹកហ្វឺនបំប៉នជំនាញកាំភ្លើងការពារអាកាសឆ្នាំ២០២៤ បានឲ្យដឹងថាវគ្គហ្វឹកហ្វឺននេះសិក្សារៀនសូត្រមានរយះពេល ០៣ខែ ស្មើរ ៩១ថ្ងៃ ។ ចាប់បើកពិថ្ងៃទី០៨ ខែតុលា រហូតដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ ។ មាន កម្មសិក្សាការីចូលរួមរៀនសូត្រចំនួន ៨៤នាក់ មកពីបណ្តាអង្គភាពចំណុះកងទ័ពជើងគោក គ្រូយោធាចារ្យចំនួន ០៤នាក់ សិក្សាខ្លឹមសារមេរៀនរួមមាន យោធារួម អប់រំចិត្តសាស្ត្រ ឋានលេខា បច្ចេកទេសកាំភ្លើងការពារអាកាស មុខវិជ្ជាកាំភ្លើង ១២,៧ មម ; ២៣មម៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី